កំពង់ស្ពឺៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យភាគីម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៩៧-៩៨ ក្នុងភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាក LEXUS.RX300 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2T-9828 បើកបរមកពីទិសខាងលិចទៅកើត មកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ កំពង់ស្ពឺ1D.8182 អ្នកបើកបរឈ្មោះ ហុង ប្រុស ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបើកបរញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំពោះអ្នកបើកបរ រថយន្តពេលបុករួចបានចុះរត់គេចខ្លួនបាត់។
ចំពោះវត្ថុតាងទាំង២គ្រឿងត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់