ព័ត៌មានជាតិ

ជនជាតិចិន៤នាក់ ជិះរថយន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ប្រុសស្រី៤នាក់ បានបើករថយន្តមួយគ្រឿង ក្នុងល្បឿនលឿន ក៏ស្រាប់តែរ៉េចង្កូតទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យទ្រូងវៀចមួយកង់ រីឯរថយន្តវិញរងការខូចខាត។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៣ និង៥០នាទីយប់ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញប្រុសស្រី៤នាក់ ជាជនជាតិចិន បានបើករថយន្តម៉ាករ៉េងរ៉ូវើមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-2000 ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យនារីម្នាក់រងរបួសជើង ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានមកដល់កន្លែងកើតហេតុ និងធ្វើការវាស់វែង រួចស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕

មតិយោបល់