ភ្នំពេញៈ នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី ២២ ខែមិថុនានេះ បានស្នើដល់ក្រុមប្រឹក្សា ទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប និងដៃគូរឯកជន បន្តជួយកម្ពុជា ក្នុងការផ្សព្វផ្សាយ ពីការអភិវឌ្ឍន៍ នៃវិស័យទេសចរណ៍ឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីជួយទាក់ទាញ វិនិយោគគិន និងភ្ញៀវទេសចរណ៍អឺរ៉ុប និងពិភពលោក មកទស្សនា កម្ពុជាឲ្យកាន់តែច្រើនឡើង។
ថ្លែងនៅក្នុងពិធីទទួលពានរង្វាន់អន្តរជាតិ “កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុត លើពិភពលោកឆ្នាំ០១៦ និងពិធីប្រកាសចលនា ប្រលងប្រណាំង បដិសណ្ឋារកិច្ចលើកទី១” នៅវិមានសន្តិភាព សម្តេចតេជោហ៊ុនសែន បានឲ្យដឹងថា ការផ្សព្វផ្សាយពីការអភិវឌ្ឍន៍ លើវិស័យទេសចរណ៍នៅកម្ពុជា អាចជាមូលហេតុជួយឲ្យ មានការទាក់ទាញអ្នកវិនិយោគគិន និងភ្ញៀវទេសចរណ៍ អន្តរជាតិចូលមកទស្សនា នៅប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត ។ សម្តេចបានបញ្ជាក់ថា ៖ “ខ្ញុំសូមស្នើដល់ក្រុមប្រឹក្សាទេសចរណ៍ និងដៃគូរពាណិជ្ជកម្មអឺរ៉ុប និងដៃគូរឯកជន ជួយផ្សព្វផ្សាយពីការរីកចម្រើន របស់កម្ពុជាពិសេសវិស័យទេសចរណ៍ ឲ្យពិភពលោកបានដឹងដើម្បីឲ្យដៃគូពាណិជ្ជកម្ម ភ្ញៀវអន្តរជាតិ អាចបើកការវិនិយោគនៅកម្ពុជា លើវិស័យទេសចរណ៍”សម្តេចតេជោសង្ឃឹមថា ឯកអគ្គរដ្ឋទូតសុឆន្ទៈ នឹងបន្តកិច្ចការលើ វិស័យនេះជាមួយនិងកម្ពុជា ។
សម្តេច បានមានប្រសាសន៍ថា៖ “ខ្ញុំសង្ឃឹមថា ភ្ញៀវអន្តរជាតិ នឹងស្គាល់កម្ពុជាកាន់តែច្រើន ហើយពួកគេនឹងដឹងថា កម្ពុជាកាលពីមុន ដែលធ្លាប់តែល្បីល្បាញខាងកាប់សម្លាប់ ខាងមានសង្គ្រាម និងជម្លោះនោះ ឥឡូវនេះ កម្ពុជាកំពុងតែល្បីល្បាញទៅលើវិស័យទេសចរណ៍”៕
សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិការសេដ្ឋកិច្ចពិភពលោក ដូច្នេះសម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងទៅលើការធ្វើកំណែទម្រង់ អភិវឌ្ឍន៍វិស័យទេសចរណ៍បន្ថែមទៀត ខណៈដែលនៅឆ្នាំ២០២០ខាងមុខនេះ កម្ពុជានឹងត្រៀមទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណជា ៧លាននាក់ ៕
មតិយោបល់