ព័ត៌មានជាតិ

រថយន្តតូពិចបត់មិនប្រយ័ត្ន ត្រូវម៉ូតូបុកពេញទំហឹង ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល២នាក់!

កំពង់ស្ពឺៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ ភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់និង២នាក់ទៀតរងរបួសធ្ងន់ស្រាល។

នៅមុនពេលកើតហេតុ គេមានឃើញម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FZ-9397 ជិះដោយឈ្មោះ វ៉េង នន់ ភេទប្រុស អាយុ២៣ឆ្នាំ (ស្លាប់នៅនឹងកន្លែង)នៅភូមិអង្គគគី ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ និងអ្នករួមដំណើរ២នាក់ ទី១ឈ្មោះ ផេង សុធា ភេទស្រី អាយុ១៨ឆ្នាំ(របួសធ្ងន់)និងទី២ឈ្មោះ ហាន ចាន់និត ភេទស្រី អាយុ១៨ឆ្នាំ(របួសស្រាល)
អ្នកទាំង២នាក់ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។ បើកបរមកពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត១គ្រឿង ម៉ាកតូពិច ពណ៌សរ-ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម2A.1406 អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់គេចខ្លួនបាត់) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ហើយបានបត់ឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។

ចំណែកសាកសពបាន ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ និងអ្នករបួសបានបញ្ជូនទៅពេទ្យសម្ភពថ្នល់ទទឹង។ ចំពោះវត្ថុតាងទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីដោះស្រាយគ្នាតាមនិតិវិធីច្បាប់៕

មតិយោបល់