ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋក្រោយវត្តសន្សំកុសល បំផ្លាញបន្ទប់ជួល៥បន្ទប់ និងប្រើប្រាស់ឡានទឹកជាង១០គ្រឿង!

ភ្នំពេញៈ សេចក្ដីរាយការណ៍បានប្រាប់ឲ្យដឹងថា នៅវេលាយប់ម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ មានករណីអគ្គិភ័យបានកើតឡើង នៅចំណុចផ្ទះជួលមួយកន្លែង ក្រោយវត្តសន្សំកុសល តាមផ្លូវលំលេខ២៦BT ក្នុងភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះ ញឹក មុន្នី ភេទស្រី​ អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ និងជាម្ចាស់ផ្ទះឈើជញ្ជាំងថ្ម ប្រក់ស័ង្កសី ទំហំប្រហែល ៣០ម៉ែត្រx១០០ម៉ែត្រ ដោយមានបន្ទប់ជាប់ៗគ្នាសរុបទាំងអស់ ២៤បន្ទប់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះក្នុងបន្ទប់ផ្ទះជួលខាងលើនេះ ​គឺមុនពេលកើតហេតុ ម្ចាស់បន្ទប់ជួលបានចាក់សោ រួចចេញទៅខាងក្រៅបាត់ ហើយមូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងបន្ទប់ផ្ទះជួលទី២ ក្នុងចំណោមបន្ទប់ជួលទាំង៥ ដែលនៅជាប់គ្នានោះ ទើបឆេះរាលដាលអស់ទាំង៥បន្ទប់តែម្ដង តែមិនបណ្តាលឲ្យរងរបួស ឬក៏គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

លោក ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការ​ និងពន្លត់​អគ្គិភ័យក្រុង ក៏បានប្រាប់ឲ្យដឹងថា​ ក្នុងប្រតិបត្តិការ​ពន្លត់អគ្គិភ័យខាងលើនេះ ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ រាជធានី​ភ្នំពេញ ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​ ចំនួន​ ១៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៧ឡាន ស្មើនឹង ២៨ម៉ែត្រគូប ។ ក្នុងនោះមានរថយន្តជំនួយរបស់ក្រសួងមហាផ្ទៃចំនួន២គ្រឿង និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង។

ក្រោយកើតហេតុអាជ្ញាធរនិងសមត្ថកិច្ចព្រមទាំងក្រុមពន្លត់អគ្គិភ័យ ជួយសហការអន្តរាគមន៍បាញ់ពន្លត់រល់តអស់ទាំងស្រុង នៅវេលាម៉ោង​៩និង១៥នាទីយប់ នាថ្ងៃខែឆ្នាំដដែល​ ៕

មតិយោបល់