ព័ត៌មានជាតិ

Update៖ នារីរូបស្រស់ ទិញកាំភ្លើងតម្លៃ ១,៥០០ដុល្លារ យកទៅបាញ់ផ្អើល ព្រះសង្ឃក្នុងវត្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ នារីរូបស្រស់ម្នាក់ បានបើករថយន្ដ Mazada មួយគ្រឿងចូលក្នុងវត្ត រួចបាញ់កាំភ្លើង ២គ្រាប់ឡើងលើ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្នុងកុដ្ឋលេខ២៣វត្តសារ៉ាវ័ន្ត ផ្លូវលេខ១៧៨ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើឈ្មោះ ផាន ស្រីលីន ភេទស្រីអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា។

ក្រោយបង្កជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ពីបទ ប៉ុនប៉ងឃាតកម្ម (ដកអាវុធខ្លីបាញ់ចំនួន០២គ្រាប់) និងកាន់កាប់អាវុធ ដោយគ្មានច្បាប់ការអនុញ្ញាតិ។

វត្ថុតាងដកហូតរួមមាន៖
-អាវុធខ្លី ១ដើម ម៉ាកZORAKI.M906 លេខ០០០១២៦
-បង់១
-គ្រាប់ចំនួន០២គ្រាប់
-ទូរស័ព្ទដៃមួយគ្រឿង ម៉ាកVIVOពណ៌ឈាមជ្រូក
-លុយចំនួន១០០ដុល្លារ
-លុយខ្មែរចំនួន២ម៉ឺនរៀល និងកាបូបស្ពាយពណ៌ស្លែមួយ។

ចំណែកជនរងគ្រោះ ឈ្មោះសឿន ពិសិទ្ធ ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាព្រះសង្ឃ ស្នាក់នៅកុដ្ឋលេខ២៣ ក្នុងវត្តសារាវ័ន្ត ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុ ព្រះសង្ឃរងគ្រោះ កំពុងគង់នៅវត្តខាងលើ ស្រាប់តែជនសង្ស័យ បានដើរចូលទៅក្នុងកុដ្ឋលេខ២៣ ដើម្បីជួបព្រះសង្ឃរងគ្រោះ និយាយរឿងស្រោចទឹក កាលពីក្នុងអំឡុងខែ០៥ ឆ្នាំ២០១៧ ឲ្យហើយធ្វើឲ្យយីអ៊ុនដាក់រកស៊ី និងដេកមិនលក់ មានអារម្មណ៍ដូចត្រូវអំពើ ហើយដោយសារខឹងពេក បានដកអាវុខ្លី បាញ់ទ្បើងលើចំនួន០២គ្រាប់ បង្កឲ្យមានការផ្អើលឆោឡោ ពេលនោះកម្លាំងល្បាតរបស់ប៉ុស្តិ៍ជ័យជំនះ និងកម្លាំងផ្នែកយុត្តិធម៌ឃើញ បានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងអាវុធខ្លី នាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

នៅចំពោះមុខសមត្ថកិច្ចខ្លួន ជនសង្ស័យបានសារភាពថា អាវុធខាងលើរូបគេ បានទិញតម្លៃ១,៥០០ដុល្លារនៅប្រទេសថៃ កាលពីខែមេសាឆ្នាំ២០១៩ ។

ក្រោយសួរនាំចប់ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការតាផ្លូវនិតិវិធី៕

មតិយោបល់