ព័ត៌មានជាតិ

បុគ្គលិកធ្វើការក្នុងកន្លែងកម្សាន្តកោះពេជ្រម្នាក់ ឃើញទូរសព្ទគេជ្រុះស្ទុះទៅលួចយក មានអីត្រូវ សមត្ថកិច្ចវាយខ្នោះ យ៉ាងសង្ហារ

ភ្នំពេញៈ ជនសង្ស័យដៃស្អិតម្នាក់ បានធ្វើសកម្មភាព លបចូលពីក្រោយ លូកយកទូរសព្ទដៃ IPhone បានសម្រេចពីយុវតីមួយក្រុម ខណៈពេលកំពុងអង្គុយលើបង់ CITY HALL កោះពេជ្រ​ តែចៃដន្យទាក់ខ្សែសាកទូរសព្ទទាក់ជើងយុវតីម្នាក់ ស្រាប់តែ​ជនសង្ស័យស្ទុះរត់ទៅយក ទើបភ្ញាក់ស្រែកចោរៗ ផ្អើលដល់សន្តិសុខតាមចាប់បាន ប្រគល់ជូនសមត្ថកិច្ចវាយខ្នោះ យ៉ាងសង្ហារ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៧ ខែឧសភា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចរបង CITY HALL ក្នុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចមិនបានប្រាប់ឲ្យអ្នកសារព័ត៌មាន ដឹងថា ជនសង័្សយដែលឃាត់ខ្លួនបាននោះ ឈ្មោះ ធឿន ភិនភាគ​ ភេទប្រុស​ អាយុប្រហែល២៣ឆ្នាំ ជាង ជាបុគ្គលិកធ្វើការក្នុងកន្លែងកម្សាន្តកោះពេជ្រ ។

បើតាមសម្តីនារីរូបស្រស់ដែលជាម្ចាស់ទូរសព្ទ បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេទាំង៥នាក់ បានជិះម៉ូតូឌុបគ្នា មកអង្គុយនៅ ជាប់របង CITY Hall ហើយបានទុកទូរសព្ទសាកថ្មជាប់នឹងប្រដាប់សាកថ្មលើកន្លែងអង្គុយ រួចអង្គុយជជែកគ្នាលេង ដោយមិនបានចាំអារម្មណ៍ និងមិនដឹងថាជនសង្ស័យខាងលើនេះ បានដើរមកពីខាងក្នុងបរិវេណ CITY Hall មកធ្វើសកម្មភាព លបចូលពីក្រោយខ្នងលូកយកទូរសព្ទដៃ IPhone របស់ខ្លួន ខណៈពេលកំពុងជជែកគ្នាលេង តែចៃដន្យពេលលូកយក ខ្សែសាកដែលដោតថ្មជាប់ទូរសព្ទទាក់ជើងមិត្តភក្តិរបស់ខ្លួនម្នាក់ទៀត ស្រាប់តែ​ជនសង្ស័យស្ទុះរត់យកទូរសព្ទនោះទៅ ទើបភ្ញាក់ស្រែកចោរៗ ផ្អើលដល់សន្តិសុខកោះពេជ្រ ជួយដេញតាមចាប់បាន ហើយទាក់ទងប្រគល់ជូនសមត្ថកិច្ចវាយខ្នោះយកទៅប៉ុស្តិ៍ភ្លាមៗតែម្តង៕

មតិយោបល់