ព័ត៌មានជាតិ

ហាយឡែនឌ័រ បើកលឿនខ្លាំងដល់ផ្លូវកោងបត់មិនទាន់ បោកនិងដើមក្ងោកខ្ទេចមួយចំហៀង!

ភ្នំពេញ: យុវជន២នាក់ បើករថយន្តហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿនដូចហោះ ដល់ផ្លូវកោងបត់ចង្កូតមិនជ្រុលទៅបោកផ្ទប់នឹងដើមក្ងោកមួយដើមនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យខូចខាតមួយចំហៀងផ្នែកខាងស្តាំយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នកណារងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចណុចក្បែរមន្ទីពេទ្យអរុណរះ តាមបណ្តោយផ្លូវ២៧១ ក្នុងភូមិបូរីកម្មករ សង្លាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញ យុវជន២នាក់បើករថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-8488 ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ ខណ:មកដល់ផ្លូវ២៧១ បានបត់ឆ្វេងដៃបានប្រមាណជា៣០ម៉ែត្រ ចំណុចកើតហេតខាងលើជួននឹងផ្លូវកោងខ្លាំងផងនោះ បួងចង្កូតមិនទាន់បណ្តោយឲ្យរថយន្តផ្នែកខាងក្រោយបោកផ្ទប់ជាមួយដើមក្ងោកមួយដើមនៅតាមចិញ្ចើមផ្លូវពេញទំហឹង បណ្តោយឲ្យដើមក្ងោកអស់សំបកមួយចំហៀង។ ចំណែករថយន្តបង្កមិនអស់ល្បឿនបានជ្រុលទៅមុខប្រមាណជាង៥០ម៉ែត្រខ្ទេចមួយចំហៀងផ្នែកខាងស្តាំទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុម្ចាស់រថយន្តបង្កបានទំនាក់ទំនងទៅរថយន្តស្ទូចដើម្បីមកស្ទូចរថយន្តយកទៅ ជួសជុលដោយខ្លួនឯងដោយមិនរំខានដល់សមត្ថកិច្ចឡើយ៕

មតិយោបល់