បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានរថយន្តប្រភេទបែនដឹកដីកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងអង្គុយ ហើយមិត្តភក្តិម្នាក់ទៀតឡើងទៅបញ្ជារថយន្តដើម្បីបែនដីចេញពីទ្រុង ដោយមិនបានដឹងថាជនរងគ្រោះមិនទាន់ក្រោកចេញពីមុខកង់រថយន្ត ។
ករណីនេះកើតឡើងនៅវេលាម៉ោង០៨និង១០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រភពពីនគរបាលមូលដ្ឋានឃុំសំបួរបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ សេង ហ៊ឺ ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត រស់នៅភូមិស្រមោច ឃុំ ព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុជនរងគ្រោះ រួមទាំងអ្នកបើកអេស្ការ បានអង្គុយលេងនៅក្រោមរថយន្តបែនដឹកដីរបស់ឈ្មោះ ឈុំ កញ្ញា ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិតាឡំចុង ឃុំតាឡំ ស្រុកមង្លបូរី ខេត្តបន្ទាយមានជ័យ មុខរបរអ្នកបើកបររថយន្ត ។ លុះដល់ម៉ោង០៨និង១០នាទី អ្នកបើកអេស្ការក៏ដើរទៅបើកអេស្ការ ចំំណែកឈ្មោះ ឈុំ កញ្ញា បានដើរឡើងរថយន្តរបស់ខ្លួនហើយ បញ្ឆេះដើម្បីលើកទ្រុងឡានចាក់ដីនៅជាប់ពីល្ងាច ។ ប៉ុន្តែឈ្មោះ សេង ហ៊ឺ មិនបានក្រោកចេញពីកន្លែងអង្គុយ នោះឡើយ ។ ភ្លាមនោះ ឈ្មោះ ឈុំ កញ្ញា បានបញ្ឆេះរថយន្តបែនដីចេញពីឡាន ក៏ស្រាប់តែឡានជាប់លេខជ្រុលទៅមុខជាន់កិនឈ្មោះ សេង ហ៊ឺ ដែលកំពុងអង្គុយជាប់នឹងកង់ឡានខាងក្រោយស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ក្រោយដឹងថា ឡានរបស់ខ្លួនកិនជនរងគ្រោះស្លាប់ភ្លាម ឈ្មោះឈុំ កញ្ញា បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនិងសពនៅកន្លែងដឹកដី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់