ភ្នំពេញៈ ក្រោយពីមានជនល្មើស ជាច្រើននាក់ នៅក្នុងនោះមាន អ្នកពាក់ផ្កាយ និងឧកញ៉ាផងត្រូវជាប់គុកដោយសាររឿងបាញ់បោះសេរី នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួន ជនសង្ស័យជានគរបាលខណ្ឌព្រែកព្នៅទៅ តុលាការដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធរឿងបាញ់បោះសេរី។
បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ផន សុផល ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ នគរបាលខណ្ឌព្រែកព្នៅ ស្នាក់នៅផ្ទះលេខ ១៤៤ AE1 ផ្លូវ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សូមជំរាបជូនថា សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យខាងលើកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អន សារី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ សន្តិសុខផ្សារផ្លាហ្សា។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ផន សុផល បានជិះម៉ូតូ ម៉ាក ZOOMER X ពណ៌លឿង ក្នុងស្ថានភាពស្រវឹង បានដកកាំភ្លើងម៉ាក K54 បាញ់ឡើងលើ ២គ្រាប់ (ផ្ទុះមួយគ្រាប់) នៅចំណុចមុខតូបលេខ ៧១៩០ ក្នុងផ្សារផ្លាហ្សា ផ្លូវលេខ៤៥ ភូមិទី១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
មតិយោបល់