ព័ត៌មានជាតិ

សមត្ថកិច្ច បញ្ជូនខ្លួនស្ត្រីជនជាតិចិន វាយ ក្មេងស្រីដែលរស់នៅជាមួយ ទៅតុលាការ

ភ្នំពេញៈ ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរ និងកសាងសំណុំរឿងរួចរាល់ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនខ្លួន ស្ត្រីជនជាតិចិន ដែលបានវាយ ក្មេងស្រី រស់នៅជាមួយ ទៅតុលាការដើម្បីចាត់ការតាមច្បាប់។

បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ម៉េង រ័ត្នពិសី ហៅ ភា ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ លក់សម្លៀកបំពាក់ ស្នាក់នៅផ្ទះ លេខ ១៧អា ក្បែរផ្សារបុរីសន្តិភាព២ ភូមិ តំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ជា ស្រីនូ ហៅ ស្រី ពៅ ភេទស្រី អាយុ ១៦ឆ្នាំ មានស្រុកកំណើត ភូមិទំនប់ថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មករស់នៅ ស៊ីឈ្នួល ក្នុងផ្ទះជាមួយជនសង្ស័យខាងលើ។

សូមជំរាបជូនថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះរបស់ជនសង្ស័យ ក្រោយពីមានការបែកធ្លាយ ព័ត៌មានថា ស្ត្រីសង្ស័យ បានប្រើអំពើហិង្សាលើក្មេងស្រីរងគ្រោះ របួសជាច្រើនកន្លែង អស់រយៈពេល ៤ឆ្នាំមកហើយ៕

មតិយោបល់