ភ្នំពេញៈ បុរសចំនួន២នាក់បានរងរបួសធ្ងន់ និងដោយម្នាក់រងរបួសជើងម្ខាងធ្ងន់និង ម្នាក់ទៀតរលាត់ដៃជើងរងរបួសស្រាលប៉ុណ្ណោះ ពេលដែលពួកគេកំពុងតែជិះម៉ូតូម៉ាក Duke មួយគ្រឿង ទៅធ្វើការហើយ ក៏ត្រូវបានរថយន្តម៉ាកford មួយគ្រឿងដែលបើកបរដោយនារីម្នាក់បើកបរដោយខ្វះការប្រុងប្រយ័ត្នទៅបុក និង កិនម៉ូតូជាប់ពីក្រោមរថយន្តនោះ។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលា ម៉ោង ២ និង ៥០នាទីរសៀល ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ៣៦០ កែងនិង ផ្លូវ ៥៧ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
បុរសរងគ្រោះទាំងពីរនាក់មានទី១-ឈ្មោះ ឌួង រ៉ានី អាយុ ២៤ឆ្នាំ ជាជាងសំណង់និង ទី២-ឈ្មោះ អៀន អេង អាយុ ២៧ឆ្នាំ មុខរបរជាជាងសំណង់ដូច គ្នា និង មានទីលំនៅស្នាក់នៅ ក្នុងខណ្ឌដូនពេញជាមួយគ្នា។មុនពេលកើតហេតុ បុរសរងគ្រោះ ទាំងពីរនាក់បានជិះម៉ូតូធំម៉ាក Duke ពណ៌ស លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ1CJ-5391 មួយគ្រឿងឌុបគ្នាក្នុងទិសដៅ ពីកើតទៅលិច។ លុះមកដល់ចំណុចខាងលើជាចំណុចផ្លូវបំបែកជា៤ ក៏ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក ford ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AU-6598មួយគ្រឿង ដែលបើកបរដោយស្ត្រីម្នាក់រួមទាំងស្ត្រី២នាក់ទៀត(សរុបគ្នា៣នាក់)មកបុកពេញទំហឹងបណ្តាលឲ្យដួលម៉ូតូនិងកិនជាប់ខាងក្រោមតែម្តង ដោយបណ្តាលឲ្យបុរសទាំង២នាក់រងរបួសធ្ងន់និងស្រាលតែម្តង ចំណែកឯម៉ូតូនិងរថយន្តក៏រងការខូចខាតយ៉ាងដំណំដូចគ្នាផងដែរ។
ក្រោយពេលកើតហេតុ បុរសដែលរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនយកទៅធ្វើការព្យាបាលនៅ គ្លីនិកឯកជនមួយកន្លែង។ ចំណែកឯរថយន្តម៉ាកford និង ម៉ូតូរបស់ជនរងគ្រោះយកទៅដាក់លើចិញ្ចើមផ្លូវ ដើម្បីធ្វើការដោះស្រាយគ្នា ដោយខាងរថយន្តព្រមចេញថ្លៃខូចខាតម៉ូតូនិង ចេញថ្លៃព្យាបាលដល់ពួកគេផងដែរ៕
មតិយោបល់