ព័ត៌មានជាតិ

តុលាការផ្តន្ទាទោស ហោរា អាគ្គីនេត្រ ដាក់គុក ៣ឆ្នាំ រឿងជួញដូរគ្រឿងញៀន!

ភ្នំពេញៈ ដូចអ្វីដែលបានគ្រោងទុកនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បាន បើកសវនាការ ប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ភេទប្រុស ដាក់ពន្ធនាគារកំណត់រយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៤លានរៀលចូលជាថវិការដ្ឋ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវ ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនាការ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ជនជាប់ចោទ ហោរា អាគ្គីនេត្រ បានសារភាពថា សកម្មភាពរបស់ខ្លួនកន្លងមកជា អំពើបោកប្រាស់ ដោយសារតែខ្លះលុយចាយ និងបង់ថ្លៃផ្ទះជួល ខ្លួនបាន សម្រេចបន្ថែមមុខរបរថ្មី មួយទៀត គឺជួញដូរគ្រឿងញៀន ប៉ុន្តែទីបំផុត ក៏ត្រូវជាប់គុកដោយសារ មុខរបរថ្មីនេះ។

គួររំលឹកថា ជនជាប់ចោទ ឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យ ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវ ២៧១ ខាងក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម៕

មតិយោបល់