ព័ត៌មានជាតិ

រថយន្តដឹកត្រី បុករះរ៉ឺម៉កកង់បី ជ្រុលទៅបុករបាំងថ្មចែកផ្លូវបាក់៣កង់​ កល់ជាប់ទៅមុខលែងរួច!

ភ្នំពេញៈ បុរសម្នាក់បើករថយន្ត HYUNDAI ដឹកត្រីពេញ បោះពួយក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុករ៉ឺម៉កកង់បីពេញទំហឹង ហើយរេចង្កូតទៅបុករបាំងថ្មចែកផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់៣កង់។ ចំណែករថយន្តដាច់ក្រឡេ កល់ជាប់ទ្រូងផ្លូវបើកទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់ ឈានចូលថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ២ ចំណុចមុខរោងចក្រក្រដាស ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ តាកែវ 3A-2892 បើកពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកកង់បីមិនមានស្លាកលេខ កំពុងបើកស្របគ្នាពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យម្ចាស់កង់បីរងរបួសធ្ងន់។ ហើយរថយន្តបង្ករេចង្កូតទៅបុករបាំងថ្មចែកផ្លូវបាក់៣កង់ រថយន្តដាច់ក្រឡេកល់ជាប់ទ្រូងផ្លូវទៅមុខលែងរួច រងខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកអ្នកបើកបររថយន្តឃើញសភាពមិនស្រួលបានបើកទ្វាររត់គេចខ្លួនបាត់។

ក្រោយហេតុការណ៍នេះកើតឡើង ម្ចាស់កង់បីដែលរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ មកវាស់វែងយករថយន្តបង្កនិងកង់បីរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់