ភ្នំពេញៈ សណ្ឋាគារ យូ អេង ដែលមានទីតាំងស្ថិតនៅ តាមដងផ្លូវសហព័ន្ធរុស្ស៊ី បុរីញ៉ូថោន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ សំបូរដោយភ្ញៀវ ជាតិនិងអន្តរជាតិ ជនជាតិបរទេសនិយម ចូលស្នាក់នៅ ក៏ប៉ុន្តែ មកដល់រសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ មានការភ្ញាក់ផ្អើល បន្ទាប់ពីមានមនុស្ស ដេកស្លាប់ ក្នុងបន្ទប់លេខ២១៨ ជាន់ទី២ ជាជនជាតិបរទេស ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា សណ្ឋាគារខាងលើ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ មានជនជាតិអាមេរិចកាំងម្នាក់ដេកស្លាប់ ក្នុងបន្ទប់ជាន់ទី២ បង្កឲ្យ ភ្ញាក់ផ្អើល ភ្ញៀវខាងក្នុង តែត្រូវបានម្ចាស់ ព្យាយាម លាក់បាំងជៀសវាង ផ្អើលដល់មជ្ឈដ្ឋាន ខាងក្រៅ ។
តាមប្រភពដោយឡែកមួយទៀត បានឲ្យដឹងថា ជនបរទេសដែលស្លាប់ក្នុងសណ្ឋាគារខាងលើ ឈ្មោះ ZILBER ZWEIG HOWARD ភេទប្រុស អាយុ៤៦ឆ្នាំ ជាជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 465019523 ។
ដើមហេតុ ប្រទះឃើញ មកពីមានអ្នកសម្អាតតាមបន្ទប់ ដើរសម្អាត លុះគោះទ្វារហៅបន្ទប់លេខ២១៨ ពុំមានសូរឆ្លើយ ទើបប្រាប់ទៅអ្នកគ្រប់គ្រប់ យកកាតអូសបើកទ្វារចូល ស្រាប់តែពុទ្ធោ ខ្មោច ដេកស្លាប់ផ្កាប់មុខ លើគ្រែ ទើបឆោឡោ លួចរាយការណ៍ស្ងាត់ៗទៅសមត្ថកិច្ចចុះទៅពិនិត្យមើលជាក់ស្តែង។
តាមសន្តិសុខ យាមនៅសណ្ឋាគារខាងលើបានឲ្យដឹងថា មានមនុស្សស្លាប់ពិនមែន តែចំពោះមូលហេតុ ខ្លួនមិនបានដឹងឡើយ ក្រោយកើតហេតុ ឃើញសមត្ថកិច្ចចុះមក ពិនិត្យ ហើយដឹកសាកសពចេញទៅ ។
តែបើតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ក្រោយពីជំនាញពិនិត្យរួច សាកសព បានដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យរុស្ស៊ី រង់ចាំរាយការណ៍ទៅស្ថានទូត និងសាច់ញាតិមកទទួល៕
មតិយោបល់