ព័ត៌មានជាតិ

ជិះម៉ូតូដាក់ថ្នាំញៀនតាមខ្លួន ឃើញសមត្ថកិច្ចហៅឈប់ យកបោះចោល តែចុងក្រោយខ្នោះដដែល

ភ្នំពេញៈ កម្លាំងចម្រុះខណ្ឌឬស្សីកែវ ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបជាក់ស្តែងបានជនសង្ស័យ២នាក់ បន្ទាប់ពីររកឃើញពួកគេ ដាក់ថ្នាំញៀនតាមខ្លួន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង២នាក់៖ ទី១ឈ្មោះជឿន ប៊ុនធឿនភេទ ប្រុស អាយុ២១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្លូវលំ ភូមិស្ពានថ្មី ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរជាងដែក និងទី២.ឈ្មោះ ចាន់ ញឹប ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅផ្ទះផ្លូវលំ ភូមិពោធិរលំ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល
មុខរបរ កសិករ។

នៅពេលឃាត់ខ្លួន កម្លាំងចម្រុះបានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅមុខក្រុមហ៊ុនកូកាកូឡា ក្នុងភូមិសង្កាត់ខាងលើ ស្រាប់តែឃើញជនសង្ស័យទាំង២នាក់ បានជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីត្បូងទៅជើង មិនពាក់មួកសុវត្ថិភាព ជិះមកដល់ចំណុចកើតហេតុ សមត្ថកិច្ចក៏បានហៅឲ្យឈប់ ហើយពួកគេភ័យស្លន់ស្លោរ ក៏ទាញថ្នាំញៀនដែលពួកគេរក្សារទុក ទម្លាក់ក្បែរខ្លួនពួកគេ តែសមត្ថកិច្ចឃើញក៏បាននាំខ្លួន យកមកសាកសួរ និងឃាត់ខ្លួមតែម្តង។

ចំពោះសម្ភារដកហូត៖ មានម្សៅក្រាមសថ្លាចំនួន ០៥កញ្ចប់តូច និងម៉ូតូមួយគ្រឿង ម៉ាកសុយសុគីលែត ពាក់ស្លាកលេខ ភ្នំពេញ1GU-1751។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតីវិធី៕

មតិយោបល់