ព័ត៌មានជាតិ

តុលាការផ្តន្ទាទោស ក្រុមចោរប្លន់ប្រដាប់អាវុធវ័យក្មេង៣នាក់ ដាក់គុកម្នាក់៧ឆ្នាំ!

ភ្នំពេញៈ ដូចជាការគ្រោងទុកនៅព្រឹកថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០១៧ នេះលោករស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទ។

ទី១ឈ្មោះ ចាន់ រិទ្ធី ហៅប្រុស ហៅអូន ភេទប្រុស អាយុ២៨ឆ្នាំ (ជាអតីតទណ្ឌិត រឿងប្លន់ជាប់គុកឆ្នាំ២០១២ ទើបចេញពីគុកឆ្នាំ២០១៥)
ទី២ឈ្មោះ ទូច រិទ្ធសុខជា ហៅ ទឹម បូរិន ហៅសាន់ ហៅត្រេន ភេទប្រុស អាយុ១៩ឆ្នាំ និងទី៣ឈ្មោះ នូ ដាវីត ហៅ អាវីត តូច ភេទប្រុស អាយុ២៣ឆ្នាំ (ធ្លាប់ជាប់គុករឿងប្លន់ជាច្រើនករណី) ដាក់ពន្ធនាគារកំណត់រយៈពេល៧ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធខ្លី បាញ់ជនរងគ្រោះប្លន់យកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ សេរី២០១៦ និងបទការមិនរាងចាលក្នុងបទឧក្រិដ្ឋ ប្រព្រឹត្តកាលពីម៉ោង៩និង៤៣នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចចន្លោះស្ពានទី៩ និងទី១០ តាមបណ្តោយផ្លូវជាតិលេខ៦A ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ យោងតាមមាត្រា៨៣ មាត្រា៨៤ មាត្រា៨៥ មាត្រា៣៥៣ និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ជនជាប់ចោទឈ្មោះ ចាន់ រិទ្ធី បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយសុំបដិសេធរាល់ចម្លើយនៅដំណាក់កាលនគរបាលយុត្តិធម៌ ព្រោះខ្លួនត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញ វាយឲ្យឆ្លើយ។

ជនជាប់ចោទសារភាពថា ខ្លួនពិតជាបានកាច់កម៉ូតូគេមែន ហើយនៅខណ្ឌព្រែកព្នៅ ត្រូវនគរបាលចាប់បាន ប៉ុន្តែរឿងប្លន់នៅខណ្ឌជ្រោយចង្វា ខ្លួនមិនបាដឹងទេ។ រីឯជនជាប់ចោទឈ្មោះ ទូច រិទ្ធសុខជា បដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយនៅពេលនគរបាលចាប់បាន គេយកថង់ខ្មៅច្រកក្បាល វាយ និងឆក់ខ្សែរភ្លើងរហូតសន្លប់ឲ្យឆ្លើយ និងទទួលស្គាល់ថាបានប្លន់មែន។ និងជនជាប់ចោទឈ្មោះ នូ ដាវីត បានឆ្លើយថា ខ្លួនមិនបានធ្វើដូចការចោទប្រកាន់នោះទេ ហើយខ្លួនបានស្គាល់ឈ្មោះ ចាន់ រិទ្ធី ព្រោះជាអ្នកភូមិជាមួយគ្នា និងធ្លាប់បានប្រើអាវុធប្លន់ម៉ូតូម៉ាកឌូក ជាមួយឈ្មោះ ចាន់ រិទ្ធី បានម្តងនៅម្តុំស្ពានព្រែកតាមាក់។

គួររំលឹកថា ជនជាប់ចោទឈ្មោះ ចាន់ រិទ្ធី ត្រូវនគរបាលឃាត់ខ្លួននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ចំណែកជនជាប់ចោទឈ្មោះ ទូច រិទ្ធសុខជា ត្រូវនគរបាលចាប់ខ្លួននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ និងជនជាប់ចោទឈ្មោះ នូ ដាវីត ត្រូវនគរបាលឃាត់ខ្លួននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦៕

https://youtu.be/A5ZKki8gGQA

មតិយោបល់