ភ្នំពេញៈ កាលពីវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងរំលោភ នៅចំណុចក្នុងផ្ទះជួលលេខ៣៣២B ក្រុម២ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនសង្ស័យខាងលើ ឈ្មោះ មាស សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិឃុំកើតហេតុ។
ចំណែកជនរងគ្រោះ ឈ្មោះ វ.ស.ប ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ខណ្ឌសែនសុខ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ មានផ្ទះនៅជិតគ្នា ពេលយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះ និងជនសង្ស័យបានអង្គុយផឹកស៊ីជិតគ្នា នៅក្នុងភូមិ ដោយមានមិត្តភក្ដិចូលរួមជាមួយ រហូតដល់ម៉ោង២៣ និង០០នាទី ជនរងគ្រោះ និងជនសង្ស័យបានឈប់ផឹកស៊ី រួចត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ។ លុះពេលយប់ជ្រៅ ជនសង្ស័យដេកមិនលក់ បានក្រោកដើរ តាមប្រឡាយខាងក្រោយតោងជញ្ចាំងចូលក្នុងផ្ទះរបស់ជនរងគ្រោះ បម្រុងធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ តែនៅពេលនោះជនរងគ្រោះដឹងខ្លួន បានស្រែកថា មានមនុស្សចូលក្នុងផ្ទះ រួចជនសង្ស័យបានស្ទុះទៅបើកទ្វារ តែឪពុកជនរងគ្រោះក្រោកទៅបើកភ្លើងទាន់ ឃើញជនសង្ស័យលោតចេញពីក្នុងផ្ទះគេចខ្លួនបាត់។
លុះដល់ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះ និងក្រុមគ្រួសារបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៩និង១០នាទី ទើបអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ ដើម្បីបន្តអនុវត្តន៍តាមនិតិវិធីច្បាប់៕
មតិយោបល់