ព័ត៌មានជាតិ

ចូលគ្លីនិក គង់ ធី មួយដង្ហើមចង្រិតស្លាប់បាត់

ភ្នំពេញ: មានការភ្ញាក់ផ្អើលដល់មនុស្សម្នានាំគ្នាទៅចោមរោមមើលពេញមុខគ្លីនិចមួយកន្លែង បន្ទាប់ពីមានបុរសម្នាក់គ្រាន់តែចូលទៅរកគ្រូពេទ្យ ហើយប្រាប់ថា ចុកពោះតែគ្រូពេទ្យមិនទាន់បានពិនិត្យផង ស្រាប់តែដួលស្លាប់តែម្តង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៥៥នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅគ្លីនិកឯកជនយីហោ “បន្ទប់ពិគ្រោះព្យាបាលជំងឺ គង់ ធី ព្រែកឯង” ដែលមានអាសយដ្ឋានផ្ទះលេខ២ ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិទួលតាបាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពុន រស្មី អាយុ៤៧ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើដែក ខេត្តកណ្ដាល។

សាក្សីម្នាក់បាននិយាយប្រាប់សមត្ថកិច្ចឲ្យដឹងថា គាត់កំពុងតែមកពិនិត្យជំងឺនៅគ្លីនិកខាងលើ ស្រាប់តែឃើញជនរងគ្រោះខាងលើបានចុះពីលើរថយន្តតាក់ស៊ីរួចដើរចូលទៅក្នុងគ្លីនិក ដោយប្រាប់គ្រូពេទ្យថា ចុកពោះខ្លាំងណាស់ ពេលនោះដែរគ្រូពេទ្យកំពុងតែរវល់ពិនិត្យអ្នកជំងឺផ្សេងទៀត មិនទាន់បានពិនិត្យជនរងគ្រោះទេ ហើយជនរងគ្រោះរូបនោះបានដើរទៅអង្គុយលើគ្រែពេទ្យ បន្ទាប់មកបានសុំគ្រូពេទ្យចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែចូលទៅបាត់ឈឹងតែម្តង។

គ្រូពេទ្យប្រចាំនៅគ្លីនិកខាងលើបាននិយាយថា រូបគាត់បានឃើញជនរងគ្រោះខាងលើបានដើរចូលមកក្នុងគ្លីនិករបស់គាត់ តែមិនដឹងថា ជនរងគ្រោះនោះជិះអ្វីមកនោះទេ នៅពេលចូលមកជនគ្រោះបានប្រាប់ថា ចុកពោះខ្លាំងណាស់ ពេលរូបគាត់ជាគ្រូពេទ្យកំពុងជាប់ដៃពិនិត្យអ្នកជំងឺដទៃទៀត ក៏បានឲ្យជនរងគ្រោះទៅអង្គុយលើគ្រែសិន ពេលនោះជនរងគ្រោះបានដើរចូលទៅក្នុង រួចបានសុំលោកគ្រូពេទ្យចូលទៅក្នុងបន្ទប់ទឹក។ ពេលនោះដែលជនរងគ្រោះបានចូលទៅបន្ទប់ទឹកបាត់ឈឹង ឮតែសំឡេងទឹកហូរ ហើយរូបគាត់ក៏មិនទាន់បានចាក់ថ្នាំអ្វីទៅលើជនរងគ្រោះនោះដែរ។ ខណ:មិនឃើញជនរងគ្រោះចេញពីបន្ទប់ទឹកវិញ ដូច្នេះរូបគាត់នឹងប្រពន្ធគាត់ឆ្ងល់ ប្រពន្ធបានដេញគាត់ជាប្តីឲ្យទៅមើល តែគាត់ជាគ្រូពេទ្យបានប្រកែកថា អ្នកណាទៅមើលគេដែលកំពុងបត់ជើងនោះ ក៏ស្រាប់តែឃើញជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅក្នុងបន្ទប់ទឹកទៅហើយ ដោយដួលទាំងស្រាតខោវែងចេញអស់នៅសល់តែខោជើងខ្លី។ នៅពេលនោះដែរ រូបគាត់ជាគ្រូពេទ្យបានផ្តល់ដំណឹងទៅឲ្យសមត្ថកិច្ចមូលដ្ឋាន និងទំនាក់ទំនងទៅរកសាច់ញាតិឲ្យមកមើលជនរងគ្រោះ លុះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ឃើញដូច្នេះក៏បានទំនាក់ទំនងទៅខាងកម្លាំងជំនាញឲ្យមកធ្វើកោសល្យវិច័យមើលថា តើសពនេះមានស្នាមចាក់ថ្នាំដែរឬអត់? លុះសមត្ថកិច្ចពិនិត្យ និងធ្វើកោសល្យវិច័យរួច ឃើញថាគ្មានស្នាមចាក់ថ្នាំទៅលើសពជនរងគ្រោះនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា សពនេះស្លាប់ដោយសារខ្យល់គ និងលើស​ឈាម។ សពត្រូវនគរបាលប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់