ភ្នំពេញៈ សមត្ថកិច្ចព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនបុរសម្នាក់ ដែលបានធ្វើសកម្មភាព ចាប់រំលោភលើនារីម្នាក់ មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មាស សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ចំណែកនារីរងគ្រោះឈ្មោះ វ.ស.ប អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ខណ្ឌសែនសុខ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះ និងជនសង្ស័យបានអង្គុយផឹកស៊ីនៅក្នុងភូមិដោយមាន មិត្តភ័ក្ត្រចូលរួមជាមួយ រហូតដល់ម៉ោង១១ យប់ ជនរងគ្រោះ និងជនសង្ស័យបានឈប់ផឹកស៊ី រួចត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន លុះពេលយប់ជ្រៅ ជនសង្ស័យបានលបទៅតោងជញ្ចាំងចូលក្នុងផ្ទះរបស់នារីរងគ្រោះ បម្រុងធ្វើសកម្មភាពចាប់រំលោភ ប៉ុន្តែនៅពេ ឮលនោះនារីរងគ្រោះដឹងខ្លួន ក៏បានស្រែកផ្អើលឆោឡោ ហើយជនសង្ស័យក៏លោតចេញពីក្នុងផ្ទះគេចខ្លួនបាត់ ។ រហូតដល់ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅចំណុចក្នុងផ្ទះជួលលេខ៣៣២B ក្រុម២ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ តែម្ដង ៕
មតិយោបល់