ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ រួមជាមួយពលរដ្ឋដេញចាប់បានភ្លាមៗ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីនិស្សិតនារីម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ សេរី ចំណាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ ថន អាយុប្រហែល១៨ឆ្នាំ ជាបក្ខពួកក្នុងសកម្មភាពល្មើស បានជិះម៉ូតូរត់គេចខ្លួនបាត់ ។ រីឯជនរងគ្រោះ ឈ្មោះ ផូង អ៊ិច ឆេងឡាំង ភេទស្រី អាយុ ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ សកលវិទ្យាល័យភ្នំពេញ មានទីលំនៅ ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
វត្ថុតាងដែលជនសង្ស័យធ្វើសកម្មភាពឆក់យក គឺទូរស័ព្ទដៃ ម៉ាក I Phone 6 ពណ៌ទឹកមាស និងឧបករណ៍ សម្រាប់សាកថ្មទូរស័ព្ទ ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ក្រោយពីនាងជួយរៀបឥវ៉ាន់ម្តាយ ក្នុងផ្សារស៊ិនជូរីហើយ ម្តាយបានប្រើឲ្យទៅយកសាច់ជ្រូក នៅភូមិប៉ប្រ៉កជើង ដើម្បីយកទៅលក់ ហើយទូរស័ព្ទ និងឧបករណ៍សាកថ្ម ដាក់នៅក្នុងឃ្លប់ម៉ូតូ និច ខាងមុខ ដោយជិះតាមផ្លូវសួនកុមារ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយ ហើយជនសង្ស័យជិះខាងក្រោយ ឈ្មោះ សេរី ចំណាន ជាអ្នកឆក់យកទូរស័ព្ទខ្លួន ពេលនោះខ្លួនបានស្រែកភ្លាមៗ ទើបពលរដ្ឋ និងកម្លាំងប៉ុស្តិ៍ ក្បែរនោះឃើញ ក៏ដេញចាប់បានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀត បើកម៉ូតូរត់គេចទៅបាត់។
បើតាមជនសង្ស័យ ឆ្លើយសារភាពបានដឹងថា មុនពួកគេធ្វើសកម្មភាព ពួកគេបានក្នុងចូលក្លឹបមួយ លុះចេញមកវិញ ក៏នាំគ្នាធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ តាមផ្លូវតែម្តង។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យនេះ តែងតែធ្វើសកម្មភាពឆក់ ទ្រព្យសម្បត្តិពលរដ្ឋតាមផ្លូវ រាល់ថ្ងៃ កន្លងមកចាប់មិនទាន់បាន តែលើកនេះ ប៉ូលិសល្បាតក្បែរនោះ ស្រាប់ដេញចាប់បានម្នាក់ភ្លាមៗ។
ក្រោយពីចាប់ខ្លួនបានជនសង្ស័យ សមត្ថកិច្ចនាំខ្លួនយក ទៅសាកសួរនៅប៉ុស្តិ៍កាកាប១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់