បាត់ដំបងៈ បុរសជនជាតិថៃម្នាក់ ជាប់ចោទពីបទរំលោភសេពសន្ថវៈ លើនារីខ្មែរ ត្រូវបានសមត្ថកិច្ចថៃ ក្នុងខេត្តភិតបុរី តាមប្រមាញ់ចាប់ខ្លួនបានហើយ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ។
បន្ទាប់ពីសមត្ថកិច្ចថៃ ទទួលបាននូវពាក្យបណ្តឹងរបស់នារីរងគ្រោះខ្មែរ ជាពលករខ្មែរចូលទៅធ្វើការ នៅថៃ បានចោទបុរសជនសង្ស័យថា បានចូលទៅចាប់រំលោភនាងរហូតបានសម្រេចទាំងនាង ទើបនឹង សម្រាលកូនបាន៥ខែ ប៉ុណ្ណោះ ខណៈដែលស្វាមីរបស់នាងបានចេញទៅធ្វើការបាត់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ២និង៥០នាទីរសៀល នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិបាំងបួរ ឃុំបានឡាត ស្រុកបានឡាត ខេត្តភិតបុរី ប្រទេសថៃ មានករណីរំលោភសេពសន្ថវៈមួយបានកើតឡើង ដែលបង្កដោយជនមិនស្គាល់មុខ ជាជនជាតិថៃ ដោយជននោះបានជិះម៉ូតូពណ៌ស មកឈប់ខាងមុខបន្ទប់ស្នាក់នៅរបស់នារីរងគ្រោះ ហើយបានដើរចូលទៅក្នុងបន្ទប់ ដោយធ្វើលេសសួររកកម្មករទៅធ្វើការ ប៉ុន្តែនាងបានប្រាប់ថា ប្តីរបស់នាងបានចេញទៅធ្វើការអស់ហើយ ទើបគេបានសុំចូលបន្ទប់ទឹក តែនាងបានដេញឲ្យទៅនោមនៅខាងក្រៅ គឺនៅពេលនោះហើយ ដែលជនសង្ស័យបានទាញទ្វារបិទរួចចាប់រំលោភនាងនៅចំពោះមុខកូន ដែលទើបតែមានអាយុ៥ខែ រហូតបានសម្រេចទើបគេចាកចេញទៅ ដោយបន្សល់នូវពាក្យមួយម៉ាត់ថា បើហ៊ានស្រែក ឬប្តឹងគេ នឹងសម្លាប់ចោល។ ភ្លាមៗនោះដែរ នារីរងគ្រោះដែលមានអាយុ២៦ឆ្នាំ និងមានស្វាមីធ្វើការសំណង់បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចថៃ ដើម្បីជួយអន្តរាគមន៍ និងរកយុត្តិធម៌។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានក្រុមតម្រួតថៃនាំខ្លួន ឲ្យទៅធ្វើសកម្មភាពសារឡើងវិញ ពាក់ព័ន្ធនឹងករណីរំលោភលើនារីខ្មែរនេះ ព្រមទាំងបានកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់