ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ សារធាតុគីមីហាមឃាត់បូរ៉ាក់នៅក្នុងនំស្លឹកស្រស់ និងនំស្រួយ នៅផ្សារអូរឬស្សី!

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងមន្រ្តីសាខាកាំកុងត្រូលរាជធានីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារអូរឬស្សី ខណ្ឌ៧មករា ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយលើទីផ្សារ។

យើងបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ទៅលើទំនញដែលសង្ស័យមានហានិភ័យខ្ពស់ ដូចជា អំបិលអីយ៉ូដ សរសៃមីលឿង ប្រហិតសាច់គោ ជ្រក់ស្ពៃ ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក បាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច គ្រឿងសមុទ្រនំស្លឹកស្រស់ នំស្រួយ ។

ជាលទ្ធផល យើងបានរកឃើញមានសារធាតុគីមីហាមឃាត់បូរ៉ាក់ នៅក្នុង នំស្លឹកស្រស់ និងនំស្រួយ ហើយបានធ្វើការដកហូតសរុប ៨៦ គីឡូក្រាម យកមកកំទេចចោលនៅនឹងកន្លែង ហើយបានអញ្ជើញអាជីវករចំនួន៦នាក់ និងម្ចាស់សិប្បកម្មចំនួន២នាក់មកធ្វើកិច្ចសន្យាបញ្ឈប់ការទទួលលក់ និងផ្អាកការផលិតជាបណ្តោះអាសន្ន រហូតដល់ធ្វើការកែប្រែគុណភាពហើយ៕

មតិយោបល់