ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់កំពុងជិះម៉ូតូ ត្រូវស្ទាវជិះម៉ូតូធំមិនស្គាល់ម៉ាកបុកដៃចង្កូត ដួលបែកក្បាលស្លាប់មួយរំពេច!

បន្ទាយមានជ័យ: បុរសវ័យចំណាស់ម្នាក់ ត្រូវបានគេរាយការណ៍ថា បានដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណ:ដែលក្រុមស្ទាវជិះម៉ូតូធំជែង ទាក់ដៃចង្កូតម៉ូតូរបស់គាត់។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបរិវេណកាស៊ីណូផ្កាយ៥ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះត្រូវបានសាក្សីអះអាងថាឈ្មោះ សាំង គឹមលាង អាយុ ៧៣ឆ្នាំ រស់នៅចំណុចដីសរ ភូមិ សាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍និយាយថា នៅមុនពេលកើតហេតុជនរងគ្រោះបានបើកបរម៉ូតូម៉ាកឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1F-5364 បើកបរពីជើងទៅត្បូង ស្រាប់តែមានម៉ូតូមិនស្គាល់ម៉ាកធុនធំ ទំនងជាក្រុមក្មេងស្ទាវបាន បើកបរស្របទិសគ្នាយ៉ាងលឿន បានទាក់ដៃចង្កូតម៉ូតូរបស់គាត់បណ្តាលឲ្យដួលបោកក្បាលទៅលើថ្នល់ស្លាប់ភ្លាមៗតែម្តង។ ចំណែកម៉ូតូជនបង្ក ក្រោយពេលកើតហេតុ មិនបានដួលអ្វីទេ ក៏បន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលឈឹង។

ក្រោយពេលហេតុ សពត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង ហៅសាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់