មណ្ឌលគិរីៈ មន្ត្រីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីម្នាក់ បានស្លាប់យ៉ាងអណោចអធ័មបំផុត ដែលក្រោយទំនេរពីការងាររាជការ ឆ្លៀតដើរទៅមើលថែទាំដំណាំ តែអកុសលត្រូវបានអ្នកតខ្សែភ្លើងឆក់សត្វបង្កប់ក្បែរនោះដែលគាត់មិនដឹង ក៏បណ្ដាលឲ្យឆក់ស្លាប់តែម្នាក់ឯង។ ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១និង៥២នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានដំណឹងភ្លាម កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ រួមនឹងមន្ត្រីបច្ចេកទេសសហការជាមួយកម្លាំងជំនាញស្រុកពេជ្រាដា បានចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យសាកសព ជនរងគ្រោះឈ្មោះ សន ភឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា មុខរបរនគរបាល។
សមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុ បានរកឃើញខ្សែលួសសម្រាប់ភ្ជាប់ចរន្តភ្លើងពីអាគុយដាក់ឆក់សត្វប្រវែង២០០ ម៉ែត្រ។ តែមិនមែនសាកសពនៅកន្លែងខ្សែលួសឆក់នោះទេ គឺ ត្រូវបានអ្នកប្រើខ្សែឆក់ លើកយកទៅលាក់ទុកក្នុងព្រៃស្មៅចម្ងាយ៨០ម៉ែត្រពីកន្លែងកើតហេតុ។
ក្នុងពេលពិនិត្យសាកសព នគរបាលបានរកឃើញថា ជើងរបស់ជនរងគ្រោះទាំងសងខាងមានស្នាមលួសឆក់មុតជម្រៅដល់ឆ្អឹងស្មងជើងប្រវែង៤ស.ម ក្រៅពីនោះមិនមានស្លាកស្នាមអ្វីឡើយ។ មន្ត្រីជំនាញសន្និដ្ឋានថា ពិតជាស្លាប់ដោយចរន្តភ្លើងអាគុយឆក់មែន ហើយកំពុងស្រាវជ្រាវរកជនសង្ស័យដែលប្រើចរន្តអគ្គិសនីឆក់សត្វ បណ្តាលឲ្យមានមនុស្សស្លាប់ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់