ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង នៅខណ្ឌសែនសុខ!

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌសែនសុខនិងអាជ្ញាធរខណ្ឌចុះ បង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងឃាត់មនុស្ស២នាក់ដកហូតទូហ្គេមចំនួន២ទូ ខណៈម្ចាស់ទីតាំងលួចបើកលេងបានប្រហែលតែ១សប្តាហ៍។

ប្រតិបត្តការណ៍ចុះបង្ក្រាបនេះខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង៥៥នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមនគរបាលបានឲ្យដឹងថា ទីតាំងខាងលើ លួចបើកល្បែងហ្គេមបាញ់ត្រី ក្រោយពីពលរដ្ឋរាយការណ៍ ទើបកម្លាំងជំនាញ ចុះពិនិត្យជាក់ស្តែង ហើយចាប់ដកហូតតែម្តង ។

ក្រោយពីបង្ក្រាបបានទូហ្គេម យកទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌរួចហើយ រីឯស្រ្តីដែលមើលការទូហ្គេមទាំង២នាក់ ត្រូវឃាត់ខ្លួននាំទៅសាកសួរនៅផ្នែកជំនាញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

តាមប្រភពពីពលរដ្ឋវិញគឺពួកគាត់មានការសាទរ និងគាំទ្រពេញទំហឹង ចំពោះចំណាត់ការចុះបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីដែលជាទីតាំងប្រើប្រាស់ ចែកចាយ ជួញដូរគ្រឿងញៀន ដែលជាដើមចមនៃបទល្មើសលួចឆក់ប្លន់ និងអំពើហិង្សាជាដើម។

ទោះយ៉ាងនេះក្តី យូរៗម្តងទើបគេឃើញសមត្ថកិច្ច ឬ អាជ្ញាធរខណ្ឌសែនសុខ ចុះបង្ក្រាបម្តង ហើយរើសទីតាំងបង្ក្រាបទៀត ។ ជាក់ស្តែងទាំង លោក ម៉ូវ មានិត អភិបាលខណ្ឌ និង លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌ លោក ព្រំសក្តា មេប៉េអឹមខណ្ឌ សុទ្ធតែដឹងថា ទីតាំងហ្គេមបាញ់ត្រី និងណេត ២៤ម៉ោងក្នុងខណ្ឌទាំងមូលមានច្រើនកន្លែងណាស់ ដូចជា៖ ហ្គេមបាញ់ត្រី នៅលើ ផ្សារទំនើបរតនាផ្លាហ្សា ហ្គេមបាញ់ត្រី មុខផ្សារទំនើប Macro និង ហ្គេមបាញ់ត្រី ៦ទូលើផ្សារទំនើប EAON2 ជាដើម។

គួររំលឹកដែរថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែងក្រើនរំលឹកដល់អភិបាលខណ្ឌទាំង១២ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវលប់បំបាត់ទីតាំងទាំងឡាយណាដែលល្មើសច្បាប់ ក្រោមរូបភាពបើកអ៊ីនធឺណេត២៤ម៉ោង ព្រោះ ល្បែងស៊ីសងគ្រប់ប្រភេទ ជាដើមចមនៃបទល្មើស លួច ឆក់ ប្លន់ បង្កអសន្តិសុខដល់សង្គម ជាពិសេសផ្ទុយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលថែមទៀតផង៕

មតិយោបល់