ភ្នំពេញៈ យោងតាមផេក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការបង្ក្រាបជនសង្ស័យចំនួន០២នាក់ ដែលជាមុខសញ្ញាសកម្មឆបោកប្រាក់ពីជនរងគ្រោះ តាមរយៈការបង្កើតកម្មវិធីទូរស័ព្ទឈ្នះរង្វាន់ពីប្រព័ន្ធធនាគារចល័ត ។
ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានការអនុញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការ នគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិនិងក្រោមការ ចង្អុលបង្ហាញបញ្ជា ផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។
លោកឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងជំនាញ បានសហការជាមួយ កម្លាំងសមត្ថកិច្ចនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបង្ក្រាបបានជនសង្ស័យ០២នាក់ ឈ្មោះ ម៉េន វាសនា ហៅ យួស សុផារីណូ ហៅ ស្នា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានីភ្នំពេញ និងឈ្មោះ ប្រាក់ វណ្ណារ៉ុង ហៅ ប៊ី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា មុខសញ្ញាសកម្មដែលកម្លាំងជំនាញបង្ក្រាបនេះ តែងតែធ្វើសកម្មភាពក្លែងខ្លួនធ្វើជាបុគ្គលិកធនាគារ ហើយលួងលោម ជនរងគ្រោះ បង្កើតកម្មវិធីធនាគារនឹងទទួលបានប្រាក់រង្វាន់ ដោយគ្រាន់តែចូលផ្លាស់ប្តូរលេខកូដសម្ងាត់តាមដែលខ្លួន ណែនាំ រួចផ្ញើលេខកូដសម្ងាត់ខ្លួន ដើម្បីឱ្យខ្លួនបញ្ចូលប្រាក់រង្វាន់ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ ជាមួយគ្នានេះដែរ សមត្ថកិច្ច សូមធ្វើការក្រើនរំឭកដល់បងប្អូនដែលតែងតែប្រើប្រាស់ ប្រព័ន្ធធនាគារចល័ត សូមប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់បោកជនខិលខូចដែលលួងលោមឱ្យបង្ហាញ លេខកូដសម្ងាត់ធនាគារ រួចអាចទទួលប្រាក់រង្វាន់នានា ៕

មតិយោបល់