កំពតៈ កំពង់ផែសម្រាប់ផ្ទេរប្រេងដ៏ធំរបស់កម្ពុជា ក្រោមការវិនិយោគរបស់អ្នកជំនួញខ្មែរ និងបរទេស ដែលគ្រោងចំណាយទុនប្រមាណ៣០០លានដុល្លារ នឹងលេចចេញជារូបរាបនៅក្នុងពេលឆាប់ៗ ស្ថិតក្នុងស្រុកទឹកឈូរ ខេត្តកំពត។
បើតាមលោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ខណៈដែលលោកអញ្ជើញចុះពិនិត្យមើលបរិស្ថានទូទៅនៅការដ្ឋានសាងសង់កំពង់ផែពហុវិស័យថ្មីមួយ ស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត កាលពីព្រឹកថ្ងៃទី២៣ ខៃមិថុនានេះ បានឲ្យដឹងថា កំពង់ផែផ្ទេរប្រេងដ៏ធំនៅកម្ពុជា ដែលចំណាយទុនប្រមាណ៣០០លានដុល្លារអាមេរិក គ្រោងនឹងសាងសង់បញ្ចប់នៅឆ្នាំ២០១៩ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ទ្រីភាពគ្រុប និងក្រុមហ៊ុន HUTCHISON PORTS DEVEL OPMENT។
លោករដ្ឋមន្ត្រី បានចាត់ទុកថា អាជីវកម្មប្រេងថ្មីនេះ អាចជួយរក្សាបាននូវតម្លៃប្រេង មិនឲ្យឡើងថ្លៃបានក្នុងទីផ្សារកម្ពុជា។ កំពង់ផែថ្មីនេះ នឹងបើកដំណើរការផ្ទេរប្រេងរបស់ក្រុមហ៊ុនប្រេងថ្មីមួយទៀត ឈ្មោះ ប៉ាប៉ា ភេត្រូលៀម ដែលនឹងប្រតិបត្តិការអាជីវកម្មក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងក្រុមហ៊ុនប្រេងដទៃទៀត។
លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនកសាងកំពង់ផែ ដោយយកចិត្តទុកដាក់ពីប្រព័ន្ធសុវត្ថិភាពក្នុងកិច្ចការពារបរិស្ថាន និងស្នើឲ្យមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ៕
មតិយោបល់