ព័ត៌មានជាតិ

រថយន្តឡិចស៊ីស CT200h ស្លាកលេខ ភ្នំពេញ2AT-6787 បើកបុកបង្កាន់ដៃស្ពានអាកាស៧មករាដាច់កង់ម្ខាងចេញក្រៅ!

ភ្នំពញៈ បុរសម្នាក់បើករថយន្តលឿនពេក បណ្តាលឲ្យទៅបុកបង្កាន់ដៃស្ពានអាកាស៧មករា ដាច់កង់ម្ខាងម្ចាស់រងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើស្ពានអាកាស៧មករា តាមណ្តោយផ្លូវសហពន្ធ័រុស្សី កែងនិងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកមួយគ្រឿងម៉ាកឡិចស៊ីស CT200h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-6787 បើកបរក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ទិសដៅពីលិចទៅកើតលុះមកចំណុចកើតហេតុ បានបត់ស្តាំមកផ្លូវកម្ពុជាក្រោម បានរេចង្កូតបុកបង្កាន់ស្ពានពេញទំហឹង បណ្តាលឲ្យរថយន្តរេចង្កូតមកបុកបង្កាន់ដៃស្ពានម្ខាងទៀតបណ្តាលឲ្យដាច់កង់ម្ខាងខាងឆ្វេងទៅមុខចេញមកក្រៅទៅលែងរួច។ ចំណែករថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ រីឯម្ចាស់រថយន្តរងរបួសតិចតួចហើយត្រូវបានមិត្តភក្តិមកយកទៅបាត់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់