ព័ត៌មានជាតិ

រថយន្តLexus GX470 មួយគ្រឿង បើកបរដោយបុរសម្នាក់ រេចង្កូតបុកពីក្រោយកុងតឺន័រ បណ្តាលឲ្យខ្ទេចមួយចំហៀង

ភ្នំពេញ: នាវេលាម៉ោង០៣និង២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយនន្តម៉ាក Lexus GX470 មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុកពីក្រោយ រថយន្តកុងតឺន័រ ចតនៅចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវជាតិ ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ហេតុការណ៍: នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រ មួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1936 បានចតនៅលើចិញ្ចើមផ្លូវជាតិលេខ៦A ។ លុះមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែគេឃើញមានរថយន្តម៉ាក Lexus GX470 ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Q-9172 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦A ទិសដៅស្របគ្នាក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ
ពេញទំហឹង បណ្ដាលឲ្យរថយន្ត Lexus GX470 រេចង្កូតឡើងលើសួនផ្លូវ រងការខូចខាតស្ទើរទាំងស្រុង ។ ចំណែកតៃកុងបានរងរបួសស្រាល ត្រូវបានដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះ ហើយភ្លាមៗនោះដែរ ក៏បានប្រជាពលរដ្ឋរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកដល់ពិនិត្យនិងវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕







មតិយោបល់