ភ្នំពេញៈ លោកអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានថ្លែងថា កងទ័ពដែលទទួលការហ្វឹកហ្វឺនជាប្រចាំ និងមានឆន្ទៈមុតមាំពេលប្រយុទ្ធលើសមរភូមិ នឹងទទួលបានជោគជ័យជាក់ជាមិនខាន។
ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងត្បាល់១០០ម.ម កាំភ្លើងDKZ និង កាំភ្លើងការពារអាកាស ឆ្នាំ២០១៦ របស់កងពលធំអន្តរាគមន៍លេខ២ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ លោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានពាំនាំនូវការសាកសួរសុខទុក្ខនឹករឮកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនចំពោះនាយទាហាន នាយទាហានរង ពលទាហានយោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបាននិងកំពុងបំពេញបេសកកម្មក្នុងការសិក្សារៀនសូត្រ កសាងប្រភពធនធានមនុស្សជាពិសេសបានធ្វើពលិកម្មប្រកបដោយវីរភាពអង់អាចក្លាហាន ហ៊ានបូជាឈាមស្រស់ សាច់ស្រស់ក្នុងបុព្វហេតុនៃកិច្ចការពារបូរណភាពទឹកដីនៃមាតុភូមិ ព្រមទាំងបានខិតខំកសាង អភិវឌ្ឍអង្គភាពឲ្យបានរៀបរយនិងរីកចម្រើនជាលំដាប់។
លោកបានបញ្ជាក់ថា សមត្ថភាពធនធានមនុស្សពិតប្រាកដ គឺកើតចេញពីការខិតខំសិក្សារៀនសូត្រ និងការហ្វឹកហ្វឺនបណ្តុះបណ្តាលមានកម្រិតស្តង់ដា។ ដូច្នេះយើងត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងថែមទៀតក្នុងវិស័យហ្វឹកហ្វឺន ដើម្បីឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់យើង។ ពីព្រោះថា កងទ័ពដែលខ្លាំងពូកែ គឺកងទ័ពដែលមានការហ្វឹកហ្វឺនជាប្រចាំ មានឆន្ទៈមោះមុត ក៏ប៉ុន្តែការហ្វឹកហ្វឺននោះមិនមែនធ្វើត្រឹមតែដើម្បីហ្វឹកហ្វឺនប៉ុណ្ណោះទេ គឺហ្វឹកហ្វឺនដើម្បីគុណភាព ហើយពេលប្រយុទ្ធទទួលបានជោគជ័យលើសមរភូមិ (ដោយធានាបានទាំងមនុស្សនិងសម្ភារៈ)។ កត្តាទាំងនេះទើបក្លាយជាកងទ័ពដែលខ្លាំងពូកែ ដែលជារបងពិតប្រាកដ ជារបងខ្លឹមក្នុងកិច្ចការពារបូរណភាពទឹកដីនិងការពារជាតិ។
លោកបានបញ្ជាក់ទៀតថា ក្នុងនាមយើងជាកងយោធពលខេមរភូមិន្ទ ត្រូវថែរក្សាការពារឲ្យបានដាច់ខាតនូវសន្តិភាព ប្រឆាំងដាច់ខាតរាល់សកម្មភាព ឬ ការញុះញង់ណាមួយ ដែលនាំឲ្យមានការបំផ្លាញសន្តិភាព ឬ បង្កអស្ថិរភាព និងចលាចលក្នុងសង្គមជាតិ ឬក៏សកម្មភាពណាមួយចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺយើងត្រូវកម្ចាត់ចោលភ្លាម ដោយភាពម៉ឺងម៉ាត់ពីព្រោះថា កងយោធពលខេមរភូមិន្ទ ត្រូវមានភារកិច្ចការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារប្រទេសជាតិ ដែលកំពុងមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងការពារភាពសុខសាន្តជូនប្រជាពលរដ្ឋនៃយើង។
លោកសូមផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់និងអង្គភាព ត្រូវលើកកម្ពស់មនសិកាស្នេហាជាតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិ គោរពលក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការប្រគល់ជូន។ ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុង មានឆន្ទៈមោះមុត ខិតខំសិក្សារៀនសូត្រ និងធ្វើការស្រាវជ្រាវក្បួនយោធាឲ្យបានហ្មត់ចត់ ស្ទាត់ជំនាញលើផ្នែកបច្ចេកទេសប្រើប្រាស់អាវុធ ផ្នែកយុទ្ធវិធី មានវិន័យម៉ឺងម៉ាត់ នោះទើបសក្តានុពលកម្លាំងរបស់យើងកាន់តែមុតស្រួច បង្កបានជាឧត្តមភាពកម្លាំង ដើម្បីដណ្តើមយកជ័យជម្នះលើសមរភូមិ។ អង្គភាពត្រូវបង្កើនវិធានការគ្រប់គ្រង ថែរក្សាសម្ភារៈបរិក្ខារ សព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឲ្យបានល្អ។ យកចិត្តទុកដាក់បង្កបង្កើនផល ខិតខំថែទាំសុខភាពកងទ័ព ជំរុញឲ្យកងទ័ពឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណស៊ីវិលឲ្យបានគ្រប់ៗគ្នា។ បន្តកសាង ការពារជាតិ ថែទាំប្រព័ន្ធការពារ ខិតខំបណ្តុះបណ្តាល កសាងកម្លាំង និងពង្រឹងគុណភាពកងទ័ព សំដៅធានារ៉ាប់រងភារកិច្ចការពារបូរណភាពទឹកដីនៃមាតុភូមិ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ត្រូវសហការល្អជាមួយកងកម្លាំងប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗ ដោយសន្តិវិធី សំដៅកសាងតំបន់ព្រំដែនមួយឲ្យក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ត្រូវរៀបចំសមាសភាពនាយទាហានវ័យក្មេង សម្រាប់បន្តវេនឲ្យបានត្រឹមត្រូវតាមជំនាញឲ្យទៅបម្រើការនៅតាមអង្គភាពចំណុះ ដើម្បីទទួលបាននូវបទពិសោធន៍ និងត្រៀមខ្លួនជាបណ្តើរៗសម្រាប់បន្តវេនពីរៀមច្បង ក្នុងការដឹកនាំបញ្ជាអង្គភាព ឈានទៅរកការរីកចម្រើនថែមទៀត ក្នុងបុព្វហេតុនៃកិច្ចការពារជាតិឲ្យបានរឹងមាំ៕
មតិយោបល់