ភ្នំពេញៈ មកទល់ពេលនេះ តារាចម្រៀងកញ្ញា ស៊ូ ដាណេ នៅតែមានការភ័យបារម្ភពាក់ព័ន្ធនឹងការយករូបថតនាង និងឈ្មោះរបស់នាងទៅបង្កើតគណនីក្លែងក្លាយ ឬហៅថា Fack Account ជាថ្មីម្ដងទៀត។ ប៉ុន្តែនាងបានប្រកាសថា បើទោះជាជនអនាមិកនោះ ជាបុគ្គលមានអំណាច និងមានឥទ្ធិពលយ៉ាងណាក៏ដោយ ក៏មិនខ្លាចញញើតក្នុងការប្ដឹងផ្ដល់នោះដែរ ដោយសារតែទង្វើរបស់បុគ្គលនោះ បានបង្កឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់ខ្លួន។
ថ្លែងប្រាប់ Post News កាលពីយប់ថ្ងៃទី២៣ មិថុនា កញ្ញា ស៊ូ ដាណេ បានអះអាងថា មានជនអនាមិកមួយរូប បានយករូបថតរបស់នាងទៅបង្កើតគណនីក្លែងក្លាយ ដោយបានប្រើឈ្មោះជាលក្ខណៈពេស្យាចារដែលនាងមិនអាចទទួលយកបាន។ នាងថា ការបង្ខូចឈ្មោះដ៏ធ្ងន់ធ្ងរនោះ បានកើតមានឡើងតាំងពីអំឡុងខែមីនា មុននាងចេញទៅសម្ដែងនៅក្នុងប្រទេសអូស្រ្តាលីនោះម្ល៉េះ ប៉ុន្តែមកពីនាងទើបតែបានដឹងក្រោយការចែកចាយ ទើបនាងភ្ញាក់ផ្អើល។
នាងបានបង្ហោះវីដេអូឃ្លីបបង្ហាញពីការឈឺចាប់ម្ដងហើយម្ដងទៀត បន្ទាប់ពីត្រូវបានជនអនាមិកបង្ខូចឈ្មោះជាសាធារណៈ ប៉ុន្តែក្រោយការចែកចាយប្រតិកម្មរបស់នាងតែប៉ុន្មានម៉ោងប៉ុណ្ណោះ Fack Account ដែលបានបង្ហោះឡើង ក៏ត្រូវ Block ចោល។ នាងនៅតែបង្ហាញអារម្មណ៍ភ័យខ្លាចរឿងដដែលកើតឡើងម្ដងទៀត បន្ទាប់ពីបុគ្គលប្លែកជាច្រើនបានចូលComment ក្នុងវីដេអូប្រតិកម្មរបស់ខ្លួន។
យ៉ាងណាក៏ដោយនាងបានប្រកាសថា នឹងដាក់ពាក្យបណ្ដឹងឲ្យដល់ទីបញ្ចប់ ប្រសិនបើមានការប្រមាថជាថ្មី ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់នាងជាថ្មី។ តារាចម្រៀងរូបនេះនិយាយថា “ខ្ញុំមិនខ្លាចវាទេ ឲ្យតែវាហ៊ានម្តងទៀត ខ្ញុំនឹងប្តឹងឲ្យអស់ពីសមត្ថភាព ទោះបីលទ្ធផលបែបណាក៏ដោយ”។ នាងទទូចសុំឲ្យអ្នកប្រើហ្វេសប៊ុក និងមានចំណេះដឹងខ្ពស់ៗ ពាក់ព័ន្ធនិងបច្ចេកទេសប្រព្រឹត្តិតែអ្វីដែលល្អ និងមានគុណធម៌ ដើម្បីផ្ដល់ប្រយោជន៍ឲ្យជាតិ។ នាងបញ្ជាក់ថា មកទល់ពេលនេះ មិនទាន់មានការគំរាមណាមួយពីជនអនាមិកនោះទេ ក្រៅពីមានការលុបចោលគណនីក្លែងក្លាយ និងក្រៅតែមានអ្នកចូល Comment ប្លែកៗនៅក្រោមវីដេអូប្រតិកម្មរបស់នាង។
រឿងរ៉ាវដែលបានកើតឡើងនេះ គឺបន្ទាប់ពីជនអនាមិក បានយករូបថតរបស់នាងទៅបង្កើតគណនីក្នុងន័យប្រមាថដូចដែលបានបង្ហាញក្នុងរូបខាងក្រោម និងបានចែកចាយនូវសកម្មភាពអាសអាភាស និងរឿងមិនល្អជាច្រើន ដែលនាំឲ្យមានប៉ះពាល់ដល់កិត្តិយសរបស់នាង។
ករណីនេះ មហាជនកំពុងតាមដាន ដើម្បីដឹងថា នឹងត្រូវបញ្ចប់ ឬនៅតភាគក្នុងពេលបន្ទាប់៕
មតិយោបល់