ព័ត៌មានជាតិ

មន្ត្រីរដ្ឋាករទឹកខេត្តបាត់ដំបងម្នាក់ ខឹងប្រពន្ធស្តីបន្ទោសរឿងផឹកស្រា ចងកបញ្ចប់ជីវិត!..

បាត់ដំបងៈ នៅថ្ងៃអង្គារ ១៤កើត ខែ ប.សាឍ ឆ្នាំច សំរឹទ្ធស័ក្ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ដឹង នៅវេលាម៉ោង៦ព្រឹក នៅឃ្លាំងដាក់សម្ភារៈ ក្នុងក្រុមទី៣១ ភូមិ វត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ សេង សៀង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ មន្ត្រីរដ្ឋាករទឹកខេត្តបាត់ដំបង មានទីលំនៅក្រុមទី០៣ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុង.ខេត្តបាត់ដំបង។

មូលហេតុ ដោយសារជនរងគ្រោះមានជំងឺប្រចាំកាយ(ទឹកនោមផ្អែម )ផឹកស្រាស្រវឹងខឹងប្រពន្ធស្ដីបន្ទោស។

តាមការបញ្ជាក់របស់ឈ្មោះ មឿន សុខា ភេទស្រី អាយុ ៣៩ ឆ្នាំដែលជាប្រពន្ធ បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីយប់ ប្ដីរបស់ខ្លួនបានមកដល់ផ្ទះដោយមានភាពស្រវឹងស្រាជោកជាំខ្លាំង ហើយបើកបររថយន្តមិនកើត បានអ្នករួមការងារបើកជូនមកដល់ផ្ទះ ហើយខ្លួនក៏បានស្ដីបន្ទោសឲ្យគាត់ពីរឿងមានជំងឺ(ទឹកនោមផ្អែម)ប្រចាំកាយហើយនៅតែផឹក។ លុះព្រឹកឡើងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៦ព្រឹក ម្ដាយរបស់ខ្លួនបានមកប្រាប់ថា ប្តីរបស់ខ្លួនបានចងកស្លាប់នៅក្នុងឃ្លាំងខាងមុខផ្ទះ ខ្លួនក៏ចេញមកមើលឃើញគាត់ចងកស្លាប់មែន។

ដោយឃើញសភាពដូចនេះ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុង បានសហការជាមួយ និងប៉ុស្តិ៍រដ្ឋបាល និងលោកមេភូមិ បង្កើតជាក្រុមគណៈកម្មការមួយដើម្បីធ្វើការត្រួតពិនិត្យទីកន្លែងកើតហេតុនិងសាកសព ឃើញថាសភាពរាងកាយទាំងមូលគ្មានស្លាកស្នាមរបួស យើងអាចវាយតម្លៃបានថាជនរងគ្រោះពិតជាអាចបាន ស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន។

ក្រោយពីធ្វើការពិនិត្យយើងបានធ្វើការប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅលំនៅដ្ឋានតាមប្រពៃណី៕

មតិយោបល់