ភ្នំពេញៈ រថយន្តកុងតឺន័រមួយគ្រឿងកំពុងបោះពួយយ៉ាងលឿនមិន ប្រយ័ត្នបានបុករថយន្តបែនដឹកដីពីក្រោយ បណ្តាលឲ្យរងការខូចខាតខ្លួនឯងយ៉ាងដំណំ និងអ្នកបើកបរម្នាក់រងរបួស។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវវេងស្រេង ចំណុចកែងស្តុបទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងជារថយន្តបែនដឹកដីមិនបានចាំពណ៌មួយគ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបន្ទាប់មកស្រាប់តែមានរថយន្តមួយគ្រឿងជារថយន្តកុងតឺន័រ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 3A-9153 ជារថយន្តរងគ្រោះបើកបរស្របគ្នាជាមួយរថយន្តបែនដឹកដីបើកក្នុងល្បឿនលឿនដូចគ្នា លុះបើកមកដល់ចំណុចស្តុបទួលពង្រ រថយន្តបែនដឹកដីបានជាន់ហ្វ្រាំងឈប់ឲ្យរថយន្តផ្សេងទៀតបើកឆ្លងកាត់ផ្លូវ។
ស្រាប់តែរថយន្តកុងតឺន័ររងគ្រោះបើកមកពីក្រោយចាប់ហ្វ្រាំងមិនជាប់បានបុករថយន្តបែនដឹកដីពីក្រោយបណ្តាលឲ្យរងការខូចខាតខ្លួនឯងយ៉ាងដំណំ និងកៀបជាប់ជើងតៃកុងរថយន្តកុងតឺន័រនឹងកាប៊ីនរថយន្ត ហើយរថយន្តបង្កបើកចេញទៅបាត់ ចំណែកឯអ្នកបើកបររថយន្តកុងតឺន័របានជាប់ជើងនឹងកាប៊ីនរថយន្ត ត្រូវបានប្រជាពលរដ្ឋនឹងអ្នកបើកបររថយន្តកុងតឺន័រដូចគ្នាបានយកច្រវ៉ាក់ទាញយកជនរងគ្រោះចេញពីរថយន្ត តែសំណាងល្អអ្នកបើកបររថយន្តកុងតឺន័ររងរបួសស្រាល។
ក្រោយពេលកើតហេតុរថយន្តកុងតឺន័រខាងលើបើកចេញមិនរួចហើយបន្ទាប់ពីអ្នកបើកររថយន្តកុងតឺន័របានហៅរថយន្តកុងតឺន័រមួយទៀតដើម្បីអូសចេញនឹងដើម្បីសម្រួលចរាចរណ៍៕
មតិយោបល់