ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តមួយគ្រឿងដែលបើកបរដោយស្ត្រីម្នាក់ ទៅបុកនឹងម៉ូតូមួយ គ្រឿង បានបណ្តាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរនៅក្បែរផ្សារទួលទំពូង ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ៩ និង ០០នាទីព្រឹក ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ ៤៥០ កែងនិងផ្លូវលេខ ១៦៣ ក្បែរផ្សារទួលទំពូង ក្នុងសង្កាត់ទួលទំពូងទៅ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាជនរងគ្រោះម្នាក់ មានអាយុប្រមាណជាជាង៣០ឆ្នាំ បានជិះម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FK-9946 ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចខាងលើ ក៏ស្រាប់តែមានរថយន្តម៉ាកPAJERO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2S-1673មួយគ្រឿង ដែលបើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីកើតទៅលិចទៅបុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួល និង រងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ហៅរថយន្តសាមុយមកដឹកយកជនរងគ្រោះយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំណែកឯរថយន្តបង្កនិងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការដោះស្រាយជាបន្តទៅទៀត៕
មតិយោបល់