ព័ត៌មានជាតិ

ទៅឆក់ត្រីខុសបច្ចេកទេស ក៏ត្រូវឆក់ខ្លួនឯងស្លាប់យ៉ាងរន្ធត់!

បាត់ដំបងៈ កាលពីវេលាម៉ោង ២នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យដួលនៅនឹងកន្លែង ហើយបានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតទ្បើងនៅត្រង់ចំណុចវាលស្រែក្នុង ក្រុមទី១៣ ភូមិអូរតាគំា១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ជនរងគ្រោះឈ្មោះ ង៉ែត ប៊ុនរ៉េត ភេទ ប្រុស អាយុ ៤៩ ឆ្នាំមានទីលំនៅភូមិកើតហេតុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានតខ្សែចរន្តអគ្គិសនី យកទៅឆក់ត្រី ហើយក៏កាន់ចំមុខតំណខ្សែ បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់ភ្លាមៗ។

តាមការបញ្ជាក់របស់ឈ្មោះ មុត ស៊ីណា ភេទស្រី អាយុ ៤០ ឆ្នាំដែលជាប្រពន្ធ បានឲ្យដឹងថា នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២២និង ៣០នាទីយប់ ប្ដីរបស់ខ្លួនបានយកខ្សែរភ្លើងដោតត យកទៅឆក់ត្រី នៅវាលស្រែខាងជើងផ្ទះ ជាមួយឈ្មោះលុច សម្ភស្ស ភេទ ប្រុស អាយុ ២២ឆ្នាំ មានទីលំនៅជិតគ្នា។

លុះដល់ម៉ោង ២ អធ្រាត្រ ឈ្មោះ សម្ភស្ស បានរត់មកប្រាប់ថា ប្ដីរបស់ខ្លួនបានឆក់ខ្សែរភ្លើង ហើយក៏បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ លុះព្រឹកឡើងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៩ ប្តីរបស់គាត់ ក៏បានស្លាប់តែម្ដង។

ក្រោយកើតហេតុកម្លាំងជំនាញ បានចុះដល់កន្លែង ត្រួតពិនិត្យសព សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ត្រូវខ្សែភ្លើងឆក់ស្លាប់ប្រាកដមែន៕

មតិយោបល់