ព័ត៌មានជាតិ

រថយន្ត BMW X6 ស្លាកលេខ ភ្នំពេញ2P-2088 បុកគូទរថយន្ត4RUNNER ស្លាកលេខ ភ្នំពេញ2D-7681ជ្រុលទៅបុករថយន្តស៊ិនទ្រី

ភ្នំពេញ: បុរសជនបរទេសវ័យចំណាស់ម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿនក៏ជ្រុលទៅបុកគូទរថយន្តមួយគ្រឿងពីក្រោយពេញទំហឹង និងជ្រុលទៅបុករថយន្តស៊ិនទ្រីដែលកំពុងឈប់យកសំរាមបណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុចខាងមុខយាន្តដ្ឋាន PAC តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក 4RUNNER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2D-7681 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កមួយគ្រឿងទៀតម៉ាក BMW X6 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2P-2088 ដែលបើកបរដោយបុរសជាជនជាតិបរទេសម្នាក់មកពីក្រោយ ក្នុងល្បឿនយ៉ាងលឿនដូចហោះដោយខ្វះការប្រុងប្រយ័ត្ន រួចក៏ជ្រុលទៅបុកគូទរថយន្តរងគ្រោះខាងលើចំពីក្រោយពេញទំហឹង បង្កឲ្យរថយន្តរគ្រោះជ្រុលទៅបុករថយន្តស៊ិនទ្រីមួយគ្រឿងទៀតដែលកំពុងឈប់យកសំរាមតាមចិញ្ចើមផ្លូវបណ្តាលឲ្យរថយន្តរងគ្រោះរងការខូចខាតកំពឹតផ្នែកខាងក្រោយ និងផ្នែងខាងស្តាំនៃរថយន្តយ៉ាងដំណំ។ ចំណែកឯរថយន្តបង្ករងការខូចខាតកំពឹតផ្នែកខាងមុខយ៉ាងដំណំ ដោយឡែករថយន្តស៊ិនទ្រីមិនឈប់នៅកន្លែងកើតហេតុនោះទេ គឺបានបន្តដំណើរទៅខាងមុខបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់