ភ្នំពេញៈ រយៈពេល៥ថ្ងៃមកហើយ ករណីទំនាស់នៃការតបណ្តាញទឹកជូនបងប្អូនប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារ នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយសារអ្នកមានអំណាចម្នាក់ ចេញមុខមករារាំងក្រុមការងាររដ្ឋករទឹកមិនឲ្យជីកដីតបណ្តាញទឹក ដោយចោទប្រកាន់ថា ការជីកដីតបណ្តាញទឹកនេះ គឺជីកនៅលើដីរបស់គាត់។
ករណីទំនាស់នេះធ្វើឲ្យក្រុមការងាររដ្ឋករទឹកមិនហ៊ានបន្តសកម្មភាពជីកឡើយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ មកម្ល៉េះ រហូតអូសបន្លាយមកដល់ពេលនេះ ដើម្បីរង់ចាំការដោះស្រាយ ទើបក្រុមការងាររដ្ឋករទឹកបន្តសកម្មភាពទៀត។
កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខ ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរងខណ្ឌសែនសុខ បានបន្តដឹកនាំក្រុមមន្ត្រីជំនាញសូរិយោដីចុះធ្វើការវាស់វែងរកទំហំផ្លូវពិតប្រាកដ ដើម្បីឲ្យក្រុមការងាររដ្ឋករទឹកជីកដីតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ ជាលទ្ធផលទទួលបានការល្អប្រសើរ ដោយសារតំណាងអ្នកមានអំណាចនោះ យល់ព្រមអនុញ្ញាតឲ្យក្រុមការងាររដ្ឋទឹក អាចតបណ្តាញទឹកបាន។
នៅក្នុងសកម្មភាពនេះផងដែរ បងប្អូនប្រជាពលរដ្ឋទាំងអស់បានសម្ដែងការសប្បាយចិត្តយ៉ាងខ្លាំង ដល់អាជ្ញាធរខ ណ្ឌ ដែលបានជួយអន្តរាគមន៍ ប៉ុន្តែចំពោះបញ្ហាការវាស់វែងផ្លូវ គឺពួកគាត់មិនឯកភាពនោះទេ ពីព្រោះនេះជារឿងរវាងអាជ្ញាធរពាក់ព័ន្ធ និងភាគីម្ចាស់ដីដែលរារាំង។
គួរំឮកឲ្យដឹងថា កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារ ដែលរស់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានចេញមកប្រមូលផ្តុំគ្នានៅក្នុងភូមិរបស់ពួកគាត់ ស្នើសុំឲ្យអាជ្ញាធរខណ្ឌសែនសុខ ជួយអន្តរាគមន៍ ដោយសារពួកគាត់បានស្នើសុំតបណ្តាញទឹកស្អាត ប៉ុន្តែត្រូវបានស្ត្រីម្នាក់ មករារាំងមិនឲ្យពួកគាត់តបណ្តាញទឹកឡើយ ដោយស្ត្រីម្នាក់នោះ ចោទប្រកាន់ថា ជីកប៉ះនៅលើដីឡូត៍របស់គាត់។
ប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា ការសុំតបណ្តាញទឹកស្អាតនេះ គឺពួកគាត់ស្នើសុំតចាប់តាំងពីថ្នាក់ភូមិ សង្កាត់ ខណ្ឌ ក្នុងអំឡុងឆ្នាំ២០១០ មកម្ល៉េះ មានន័យថា ចាប់តាំងពីលោក ឃួង ស្រេង នៅជាអភិបាលខណ្ឌសែនសុខ រហូតមកដល់លោក លី សាវេត។ ក្មុងឆ្នាំ២០១៥ លិខិតស្នើសុំតបណ្តាញទឹករបស់ពួកគាត់នេះ ទើបបានធ្លាប់មកពីសាលារាជធានីភ្នំពេញ ដោយមានចុះហត្ថលេខាផ្ទាល់ពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យពួកគាត់តបណ្តាញទឹកស្អាតសម្រាប់ប្រើប្រាស់។ លុះដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងាររដ្ឋករទឹក បានមកជីក ដីចិញ្ចើមផ្លូវ ដើម្បីតបណ្តាញទឹក ស្រាប់តែលេចមុខស្ត្រីម្នាក់ឈ្មោះ សៀ ណាវី ហៅ អូន អាយុប្រហែលជាង៦០ឆ្នាំ មានទីលំនៅភូមិបន្លា សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ចេញមុខមករារាំង ក្រុមការងាររដ្ឋករទឹក មិនឲ្យជីកដីចិញ្ចើមផ្លូវ តបណ្តាញទឹកស្អាតឡើយ ។
ដោយស្រ្តីឈ្មោះ សៀ ណាវី ហៅ អូន ដែលចេញមុខរារាំង ក្រុមការងាររដ្ឋករទឹកមិនឲ្យជីកដីតបណ្តាញទឹកនោះ គឺជាតំណាងឈ្មោះ មាស ណារិទ្ធ ភេទប្រុស អាយុប្រហែល៦០ឆ្នាំ គឺឈ្មួញលក់ដីធ្លីមួយរូប ដែលមានអំណាចនៅតំបន់នោះ។
ចំណែកលោក ឯក សុខុម អាយុ៥៤ឆ្នាំ មុខរបរមេ៥០ខ្នង មានទីលំនៅភូមិបន្លា សង្កាត់ឃ្មួញ ខណ្ឌសែនសុខ តំណាងប្រជាពលរដ្ឋទាំងអស់ប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋរបស់លោកពិតជាបានស្នើសុំតបណ្តាញទឹកស្អាតពិតប្រាកដ ពីសាលារាជធានីភ្នំពេញ ដោយមានលិខិតស្នាមត្រឹមត្រូវពីសាលារាជធានីភ្នំពេញ អនុញ្ញាតទៀតផង លុះរហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងាររដ្ឋការទឹក បានមកជីកដីចិញ្ចើមផ្លូវ ដើម្បីតបណ្តាញទឹក ស្រាប់តែលេចមុខស្ត្រីម្នាក់ឈ្មោះ សៀ ណាវី ហៅ អូន មានទីលំនៅភូមិបន្លា សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ចេញមុខមករារាំង ក្រុមការងាររដ្ឋករទឹក មិនឲ្យជីកដីចិញ្ចើមផ្លូវ តបណ្តាញទឹកស្អាតឡើយ ។ ដោយស្ត្រីឈ្មោះ សៀ ណាវី ហៅ ស្រីអូន នេះចោទប្រកាន់ថា ការជីកដីតបណ្តាញទឹកនេះ គឺជីកនៅលើដីរបស់គាត់ ទើបធ្វើឲ្យក្រុមការងាររដ្ឋករទឹក បញ្ឈប់សកម្មភាព លែងហ៊ានជីកដីតបណ្តាញទឹកបន្តទៀត។ ដោយហេតុនេះ ហើយពួកគាត់សូមសំណូមពរទៅដល់អាជ្ញាធរខណ្ឌ សូមកំណត់ព្រុំប្រទល់ដីធ្លីឲ្យបានច្បាស់លាស់ តើដីណា គឺជាដីកម្មសិទ្ធិរបស់លោក មាស ណារិទ្ធ ហើយកំណត់ត្រឹមណា គឺជាដីចំណីផ្លូវថ្នល់សាធារណៈ ដើម្បីឲ្យដំណើរការតបណ្តាញទឹកនេះ ប្រព្រឹត្តមានភាពល្អប្រសើរ សម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់៕
មតិយោបល់