កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពបំផ្លិចបំផ្លាញក្នុងគ្រួសារ ដុតផ្ទះឆេះអស់ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យ ឈ្មោះ ផល ទិត្យ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិឃុំកើតហេតុ។ ក្នុងនោះបាត់បង់និងខូចខាតរួមមាន៖ ផ្ទះ១ខ្នង ធ្វើពីឈើ ប្រក់សង័្កសី ទទឹង៥ម៉ែត្របណ្តោយ៦ម៉ែត្រ ចានឆ្នាំង និងសំលៀកបំពាក់មួយចំនួន។
នៅមុនពេលកើតហេតុ ជនសង្ស័យបានទៅចូលរួមកម្មវិធី បង្កក់កូននៅផ្ទះឈ្មោះ ខាន់ ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិ ថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល រហូតដល់វេលាម៉ោង១១ថ្ងៃដដែល ជនសង្ស័យត្រឡប់មកផ្ទះវិញមានសភាពស្រវឹងស្រា បាន សុំលុយម្តាយទៅទិញតែអូអិឈិ១ដបផឹក ទិញរួចបានត្រឡប់មកវិញបានទាស់សម្តីជាមួយឈ្មោះ សូត្រ ស៊ីម (ត្រូវជាជីដូន) ហើយបានរើសដុំដីគុបទៅលើឈ្មោះ សូត្រ ស៊ីម ឃើញដូចនោះ ឈ្មោះ ប៉ោ លីធី(ឪពុកមា) បានទៅឃាត់តែមិនព្រមស្តាប់ ក៏ទះមួយដៃត្រូវភ្នែកខាងឆ្វេង ឈ្មោះផលទិត្យ ខឹងបានកាន់កាំបិតប៉័ងតោចំនួន២រកកាប់ឈ្មោះប៉ោ លីធី តែឈ្មោះប៉ោ លីធី គេចបាត់រកមិនឃើញស្រាប់តែឈ្មោះទិត្យ បានទៅដុតផ្ទះឈ្មោះកុក ស្រ៊ឺ(ត្រូវជាម្តាយ)ឆេះអស់។
ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនទៅអធិការស្រុក ដើម្បីអនុវត្តនិតិវិធី៕
មតិយោបល់