ភ្នំពេញៈ កម្លាំងនគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលអំពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសនៅតាមបណ្តាហាងកាហ្វេមួយចំនួន ដោយបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន២២នាក់ (ស្រី៣នាក់) នៅខណ្ឌច្បារអំពៅ។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៦ នៅតាមបណ្តាហាងកាហ្វេមួយចំនួន ដែលមានទីតាំងនៅតាបណ្តោយផ្លូវ៣៦៩ ភូមិដើមចាន់ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានប្រាប់ឱ្យដឹងថា ដោយយោងទៅតាមបទបញ្ជាពីលោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីធ្វើយ៉ាងណាអនុវត្តច្បាប់អន្តោប្រវេសន៍របស់យើងឲ្យមានប្រសិទ្ធភាពខ្ពស់នោះ។ កម្លាំងរបស់លោកតែងតែបានចុះអនុវត្តទៅតាមបណ្តាខេត្តក្រុងទូទាំងប្រទេសរបស់យើង ដោយបានធ្វើឡើងរាល់ទីតាំងស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសគ្រប់សញ្ជាតិទាំងអស់ និងតែងតែបានធ្វើការឃាត់ខ្លួន និងបណ្តេញចេញទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញជាបន្តបន្ទាប់ផងដែរ។
លោកក៏បានប្រាប់បន្តទៀតថា ជាក់ស្តែងក្នុងថ្ងៃនេះ កម្លាំងរបស់លោកបានធ្វើការសហការជាមួយកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលអំពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យការស្នាក់នៅនិងបំពេញការងាររបស់ជនបរទេសនៅតាមបណ្តាហាងកាហ្វេមួយចំនួនខាងលើនៅក្នុងសង្កាត់ច្បារអំពៅទី២ ក្នុងខណ្ឌច្បារអំពៅនេះ។
ក្នុងប្រតិបត្តិការនេះកម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីសរុបចំនួន២២នាក់នាក់ ក្នុងនោះមានស្រី៣នាក់ ដែលបានកំពុងតែលួចចូលមកស្នាក់នៅ និងបំពេញការងារដោយគ្មានលិខិតស្នាមអ្វីទាំងអស់ និងពួកគេក៏ប្រឈមទៅនឹងការអនុសវត្តច្បាប់ដោយរង់ចាំធ្វើការបណ្តេញចេញផងដែរ។
ក្រោយពីប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសនេះ ក្រុមជនជាតិវៀតណាមប្រុសស្រីទាំង២២នាក់ (ស្រី៣នាក់) ត្រូវបានធ្វើការឃាត់ខ្លួនយកទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលមានទីតាំងនៅទល់មុខនិងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីរង់ចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៅទៀត៕
មតិយោបល់