សៀមរាបៈ យោងតាមផេកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប និងដោយមានការជំរុញ លើការអនុវត្ត ផែនការណ៍ គោលដៅ ទប់ស្កាត់សកម្មភាព លួចឆក់ គ្រប់ប្រភេទ ពី លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបង្ការសុវត្ថិភាព រក្សាសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋជាពិសេសភ្ញៀវទេសចរណ៏ ជាតិនិងអន្តរជាតិ ដែលអញ្ជើញមកទស្សនាកំសាន្ត ក្នុងខេត្តសៀមរាប។
កាលពីថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៨ វេលាម៉ោង១៤:០០នាទី នៅត្រង់ចំណុចផ្លូវហ្សាឌឺហ្គោល ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាប ជនសង្ស័យនិង បក្ខពួករបស់គេម្នាក់ទៀត បានជិះម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានផ្លាកលេខ ជនសង្ស័យទាំង២នាក់ខាងលើបានធ្វើសកម្មភាពឆក់យកកាបូប ពីភ្ញៀវជនជាតិបរទេស ជាជនរងគ្រោះឈ្មោះJULENAZ CONAMATARTIN ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ជនជាតិអេស្ប៉ាញ ជាភ្ញៀវទេសចរណ៍ ស្នាក់នៅក្នុងផ្ទះសំណាក់DAYDAY INN ខណៈដែលជនរងគ្រោះ កំពុងជិះលើរឺម៉កកង់បី តាមផ្លូវពីទិសខាងជើងមកទិសខាងត្បូង ដោយទុកកាបូបស្ពាយមួយ ពណ៌ខៀវ នៅពីមុខរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យបានធ្វើសកម្មភាពឆក់យកកាបូប ហើយជនសង្ស័យទាំង២នាក់ព្យាយាមជិះម៉ូតូគេចខ្លួន ។
តែដោយសាមាន នគរបាលការពារបេតិកភ័ណ្ឌ នគរបាលទេសចរណ៍ បងប្អូនប្រជាការពារ ដែលនៅក្បែរនោះឃើញទាន់ក៏នាំគ្នាធ្វើការ ប្រដេញ ពេលនោះជនសង្ស័យទាំង២នាក់បានផ្តួលម៉ូតូចោលហើយរត់គេចខ្លួនចូលទៅក្នុងបរិវេណព្រៃអង្គរ។ បន្ទាប់ពីទទួលសេចក្តីរាយការណ៍លោកវរសេនីយ៍ឯកទេព ចាន់ណា បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយនគរបាលការពារបេតិកភ័ណ្ឌ នគរបាលទេសចរណ៍ បងប្អូនប្រជាការពារ ធ្វើការតាម ស្វែងរកជនសង្ស័យទាំង២នាក់ រហូតឃាត់ខ្លួន បានជនសង្ស័យចំនួនម្នាក់ឈ្មោះ ភួយ សុភា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ពាក់ពន្ធ័ករណី អំពើលួចដោយមានស្ថានទម្ងន់ទោស (ឆក់កាបូបភ្ញៀវ) ។
យកមកធ្វើការសាកសួរ ក្រោយពីការសាកសួរជនសង្ស័យរូបនេះបានឆ្លើយសារភាពថាខ្លួននិងបក្ខពួកឈ្មោះ ងោល ដែលបានរត់គេចខ្លួនបាត់ ពិតជាបានធ្វើសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។ វត្ថុតាងដកហូតបាន
ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានផ្លាកលេខ។ សម្ភារៈរបស់ជនរងគ្រោះនៅក្នុងកាបូបរួមមាន៖ លិខិតឆ្លងដែនមួយក្បាល, ម៉ាស៊ីនថតរូបម៉ាកកាណុង(EOS KISS X5)ពណ៌ខ្មៅ១គ្រឿង, ម៉ាស៊ីនថតរូបGOPRO ពណ៌ខ្មៅមួយគ្រឿង, សៀវភៅអេឡិចទ្រូនិចមួយគ្រឿង និងសម្ភារៈផ្សេងៗមួយចំនួនទៀត។
ជនសង្ស័យរូបនេះ បានឆ្លើយសារភាពបន្តទៀតថាៈកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥ព្រឹក ត្រង់ចំណុចផ្លូវគោកម៉ៃ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក រូបគេនិង បក្ខពួក ក៏បានជិះម៉ូតូឆក់យកកាបូបភ្ញៀវជនជាតិជប៉ុនចំនួនម្នាក់ភេទស្រី ដែលកំពុងជិះលើរឺម៉កកង់បីបានសម្រេច ចំនួន១លើកផងដែរ។
ជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន ជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
ចំណែកបក្ខពួករបស់ជនសង្ស័យដែលបានរត់គេចខ្លួនបាត់នោះ នគរបាលយើង បានធ្វើការកំណត់អត្តសញ្ញាណរួចរាល់ ហើយ និងកំពុងធ្វើការស្វែងរក ដើម្បីឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ៕
មតិយោបល់