ភ្នំពេញៈ អគ្គិភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងស្រែកឆោរឡោទាំងរំលងអធ្រាត្រ ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ និង ៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨នេះ ត្រង់ចំណុចបត់ចុះពីផ្លូវជាតិលេខ៤ ផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិព្រៃរមាស២ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីពលរដ្ឋ បានអះអាងថា ពួកគេបានឃើញភ្លើងកំពុងឆេះចេញលើរានទេវតា ក៏នាំគ្នាបើកទ្វារចេញមកក្រៅស្រែកថា ភ្លើងឆេះផ្ទះហើយ ទើបម្ចាស់ផ្ទះដឹងខ្លួនទាំងភ័យស្លន់ស្លោនាំគ្នា ប្រមូលសម្ភារសំខាន់ៗ និងរបស់មានតម្លៃ យកចេញមកបានមួយចំនួនប៉ុណ្ណោះ និងមានទាំងអ្នកទាក់ទងទៅសមត្ថកិច្ច ដើម្បីហៅរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ ខណៈអ្នកខ្លះបានអូសទុយោទឹក ទាញម៉ាស៊ីនបូមទឹក យកមកតគ្នា ដើម្បីបាញ់ទឹកទប់ស្កាត់បណ្ដោះអាសន្ន មុននឹងរថយន្តពន្លត់អគ្គិភ័យ២គ្រឿង មកដល់កន្លែងកើតហេតុ អន្តរាគមន៍បាញ់ពន្លត់ជាបន្តបន្ទាប់ ។
អគ្គិភ័យនេះ បានរលត់ជាស្ថាពរបាញ់ នៅវេលាម៉ោង១និង៥១នាទីរំលងអធ្រាត្រថ្ងៃដដែល ដោយប្រើរថយន្តពន្លត់អស់ អស់ទឹក២ឡាន។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ វ៉ាន់ សុភា អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ផ្ទះរបស់គាត់មានទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ ជាផ្ទះឈើខាងលើប្រក់ក្បឿង ថ្មក្រោម ហើយនៅមុនចូលសម្រាកភ្លើងទានធុប គាត់បានពន្លត់អស់ហើយ ទើបចូលសម្រាក ដោយឡែកនៅសល់តែភ្លើងពណ៌ ដែលដាក់តុបតែងលំអ នៅលើរានទេវតាប៉ុណ្ណោះ ទើបរកមូលហេតុឃើញ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទុស្សេឆេះរាលដាលខូចខាតផ្ទះបែបនេះ៕
មតិយោបល់