ព័ត៌មានជាតិ

លោក វ៉ី សំណាង ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលបណ្ដាលឲ្យជន់លិចផ្លូវជាតិលេខ៤ ស្ពានស្ទឹងសំរោង!

កំពង់ស្ពឺៈ ព្រឹកថ្ងៃអង្គារ ៥កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១០៦-១០៧ព្រំប្រទល់ស្រុកភ្នំស្រួច និងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀងធ្វើឲ្យជន់លិចកំណាត់ផ្លូវជាតិលេខ៤ ត្រង់ស្ពានស្ទឹងសំរោងដែលមានកម្ពស់ប្រមាណ ១ម៉ែត្រ ហើយទឹកហូរកាត់មានប្រវែង៥០០ ទៅ៦០០ម៉ែត្រ ត្រង់គីឡូម៉ែត្រលេខ១០៧។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន ដើម្បីធានានៅសុវត្ថិភាព អាជ្ញាធរខេត្តកំពង់ស្ពឺ និងមន្ទីរជំនាញ សូមធ្វើការផ្អាកចរាចរណ៍បណ្តោះអាសន្ន រហូតដល់ទឹកស្រក់ចុះវិញ ហើយសូមធ្វើការណែនាំដល់ប្រជាពលរដ្ឋក្នុងការបញ្ចៀសចរាចរណ៍ដោយអ្នកដំណើរទាំងអស់ ត្រូវទៅតាមផ្លូវជាតិ៤១ ត្រង់ផ្សារថ្នល់ទទឹង និងផ្លូវជាតិលេខ៣ ក្នុងខេត្តកំពតវិញ ទាំងអ្នកទៅខេត្ដព្រះសីហនុ និងមកកាន់រាជធានីភ្នំពេញ ៕

មតិយោបល់