ព័ត៌មានជាតិ

ឆក់ការបូបពីជនបរទេស កំពុងជិះកង់ទៅទស្សនា តំបន់ប្រាសាទ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ

សៀមរាបៈ យុវជនម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាពឆក់កាបូប ពីជនបរទេសម្នាក់ កាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចជិតកន្លែងទិញសំបុត្រចូលទស្សនាប្រាសាទ ស្ថិត ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូ១គ្រឿង ពណ៌ក្រហម ហើយធ្វើសកម្មភាពឆក់កាបូប ក្នុងកន្រ្តកកង់ជនបរទេស ពេលកំពុងជិះកង់ទៅទស្សនា តំបន់ប្រាសាទ ភ្លាមៗផងដែរ ជនរងគ្រោះបានស្រែក បណ្តាលឲ្យមានការភ្ញាក់ផ្អើល​ និងដោយសារតែកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសៀមរាប ដែលនៅប្រចាំការក្បែរនោះ ឃើញទាន់ ក៏នាំគ្នាធ្វើការ ប្រដេញ ពេលនោះជនសង្ស័យទាំងពីរនាក់ បានផ្តួលម៉ូតូចោល ហើយរត់គេចខ្លួនចូលទៅ ក្នុងបរិវេណព្រៃអង្គរ ទើបទាក់ទងកម្លាំងបន្ថែម ដោយមានសហការណ៍ ជាមួយនគរបាលការពារបេតិកភ័ណ្ឌ នគរបាលទេសចរណ៍ នគរបាលចរាចរ​ និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការចូលរួមពីបងប្អូនប្រជាការពារ បានធ្វើការតាម ស្វែងរកជនសង្ស័យទាំងពីរនាក់ រហូតឃាត់ខ្លួន បានជនសង្ស័យចំនួនម្នាក់​ និងដកហូតម៉ូតូ បានចំនួន១គ្រឿង និងស្រាវជ្រាវរកឃើញការបូបរបស់ជនរងគ្រោះ ដែលជនសង្ស័យបានបោះចោលក្នុងព្រៃបានមកវិញ៕

ជនសង្ស័យឈ្មោះ រស់ ម៉ារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ អន្លង់វិល ឃុំ/ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំណែកជនរងគ្រោះឈ្មោះ kim Hyemin ភេទស្រី អាយុ៣២ ឆ្នាំជនជាតិកូរ៉េខាងត្បូង។​

វត្ថុតាងដកហូតបានមកវិញ និងប្រគល់ជូនជនរងគ្រោះវិញ រួមមាន៖
– ទូរស័ព្ទម៉ាកIphone x ពណ៌ខ្មៅ១គ្រឿង
– ទូរស័ព្ទម៉ាក samsung ពណ៌ទឹកមាស១គ្រឿង
– កាមេរ៉ា១គ្រឿង
– Power bank ពណ៌ស១គ្រឿង
– ឆ័ត្រ០១
– ប្រាក់ចំនួន ១០០$ និងសម្ភារមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ចំណែកបក្សពួករបស់ជនសង្ស័យ ដែលបានរត់គេចខ្លួនបាត់នោះ នគរបាល បានធ្វើការកំណត់អត្តសញ្ញាណរួចរាល់ហើយ និងកំពុងធ្វើការស្វែងរក ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់