ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តមួយគ្រឿងក្នុងល្បឿងយ៉ាងលឿនជ្រុលទៅបុករថយន្តរ៉េហ្វ័របើកដោយប្តីប្រពន្ធ២នាក់ចំពីក្រោយពេញទំហឹង បណ្ដាលរងការខូចខាតផ្នែងខាងក្រោយយ៉ាងដំណំ ហើយព្យាយាមបើករត់ទៅបុករះដើមឈើនិងស្លាកហ្គេនស្បើគ ព្រមទាំងជញ្ជាំងផ្ទះបាក់អស់ជាងដប់ផ្ទាំង ហើយរថយន្តទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវព្រៃសរ ចំណុចជិតវត្តឫស្សីសាញ់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជំាបើករថយន្តឡិចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-8202 បើកពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តរ៉េហ្វ័រ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2B-7975 បើកបរដោយប្ដីប្រពន្ធ២នាក់ ស្របគ្នានៅខាងមុខពេញទំហឹង បណ្ដាលរងការខូចខាតផ្នែកខាងក្រោយស្ទើរទាំងស្រុង។ ភ្លាមៗនោះដែររថយន្តបង្កព្យាយាមបើករត់ត្រូវបានម្ចាស់រថយន្តរងគ្រោះរួមទាំងប្រជាពលរដ្ឋដេញតាមពីក្រោយ រហូតដល់ចំណុចភូមិព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ស្រាប់តែរថយន្តបង្កបានរេចង្កូតទៅបុករះដើមឈើ និងស្លាកយីហោហ្គេនស្បើគ ព្រមទាំងជញ្ជាំងផ្ទះប្រជាពរដ្ឋបាក់អស់ជាងដប់ផ្ទាំង ហើយរថយន្តទៅមុខលែងរួច។ ចំណែកម្ចាស់រថយន្តរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយករថយន្តបង្ករនិងរថយន្តរងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោករង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់