ព័ត៌មានជាតិ

តុលាការ សម្រេចឃុំខ្លួនក្រុមសន្តិសុខ យាមធនាគារធំៗ ដែលបន្លំខ្លួនជាសមត្ថកិច្ច និងប្រើអាវុធខុសច្បាប់

ភ្នំពេញៈ ទីបំផុតទៅ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន មនុស្ស ចំនួន ៨នាក់ ដែលជាសន្តិសុខក្រុមហ៊ុនឯកជន ពាក់ព័ន្ធ ករណីក្លែងខ្លួនជាសមត្ថកិច្ច និងប្រើប្រាស់ អាវុធខុសច្បាប់ ជាបណ្តោះអាសន្ន នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ច។

ប្រភពបន្ដថា តុលាការសម្រេចឃុំខ្លួនជនទាំង ៨នាក់ បន្ទាប់ពីលោក រៀល សុភិន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ លើជនទាំង ៨នាក់ ពាក់ព័ន្ធបទល្មើស រៀបចំចាត់តាំងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

សូមបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ៨នាក់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបាន កម្លាំងនគរបាល នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ក្រសួងមហាផ្ទៃ បញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយនគរបាលជំនាញ បើកការស្រាវជ្រាវ រកឃើញថា ពួកគេបានប្រើប្រាស់តួនាទីជាកងកម្លាំងនគរបាលជាតិ ជាយោធា និងកាន់កាប់អាវុធខុសច្បាប់ ដើម្បីទៅបម្រើការជាសន្តិសុខ យាមនៅមុខ ធនាគារធំៗ មួយចំនួន នៅក្នុងរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ ជនសង្ស័យទាំង ១២នាក់ បានប្រើប្រាស់លិខិត ឯកសណ្ឋាន ជាកងកម្លាំង នគរបាលជាតិ និងយោធា កងខេមភូមិន្ទ ក្លែងក្លាយ និងមានប្រដាប់ដោយអាវុធផង ទៅបំពេញមុខងារជាសន្តិសុខឯកជន នៅធនាគារមួយចំនួន ដូចជា ធនាគារ May Bank ធនាគារ RHB Indochina Bank និងធនាគារ Hong Le Ong Bank។

របាយការណ៍ដដែលបាន ឲ្យដឹងថា ជនសង្ស័យ ចំនួន ០៨ នាក់ដែលត្រូវបញ្ជូនទៅកាន់តុលាការ រួមមាន៖
-ទី១ឈ្មោះ សរ វិរៈ ភេទប្រុស អាយុ ៤៣ឆ្នាំ ជាមេក្លោង បន្លំខ្លួនជាមេ នគរបាល ដើរប្រកាសជ្រើសរើស នគរបាលចូលក្របខណ្ឌ កងកម្លាំងនគរបាលជាតិ និងបំពាក់អាវុធ ដោយមានលិខិតបញ្ជាបេសកម្មក្លែងក្លាយ ដល់កម្លាំងដែល រូបគេជ្រើសបាន និងបានបញ្ជូនពួកឲ្យទៅធ្វើជាសន្តិសុខ យាមតាមធនាគារខាងលើ។
-ទី២ឈ្មោះ ឃិត សុខឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ជាមេក្លោង បន្លំខ្លួនជាមេ យោធា ដើរប្រកាសជ្រើសរើស ទាហានឲ្យចូលក្របខណ្ឌ កងខេមរភូមិន្ទ និងបំពាក់អាវុធ ដោយមានលិខិតបញ្ជាបេសកម្មក្លែងក្លាយ ដល់កម្លាំងដែល រូបគេជ្រើសបាន និងបានបញ្ជូនពួកឲ្យទៅធ្វើជាសន្តិសុខ យាមតាមធនាគារខាងលើ។
-ទី៣ឈ្មោះ ឡូច ម៉េងហួង ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារខាងលើ
-ទី៤ឈ្មោះ វ៉ន សុផានិត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារខាងលើ
-ទី៥ឈ្មោះ លី ឃាន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារខាងលើ
-ទី៦ឈ្មោះ ផុស សឿន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារខាងលើ
-ទី៧ឈ្មោះ ក្រាក់ ទៀង ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារខាងលើ
-និងទី៨ឈ្មោះ ឌិន ធុន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារខាងលើ។

សូមបញ្ជាក់ថា កម្លាំងនគរបាល នៃនាយកដ្ឋាន គ្រប់គ្រងសន្តិសុខឯកជន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួន ក្រុមជនសង្ស័យ សរុបចំនួន ១២នាក់ កាលពីអំឡុងថ្ងៃទី១៩ និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅតាមគោលដៅ ធនាគារ ធំៗខាងលើ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច ដកហូតបានវត្ថុតាងមួយចំនួន ដូចជា៖
-អាវុធខ្លីចំនួន ១០ដើម (ម៉ាករ៉ូឡូ ០៣ដើម ម៉ាកកា៥៩ ០៣ដើម ម៉ាកកា៥៤ ០៣ដើម និងម៉ាកMAC CAL 9mn ០១ដើម)
-វិទ្យុទាក់ទង ចំនួន ០៨គ្រឿង
-និងលិខិត ក្លែងក្លាយ រួមទាំងសម្ភារ មួយចំនួនធំ។

ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យខាងលើយកទៅសាកសួរ សមត្ថកិច្ចបាន កំណត់មុខសញ្ញា មួយចំនួន ដែលកំពុងតែ បម្រើការនៅតាម ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗ នៅក្នុងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ និងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់