កណ្តាលៈ មានករណីហិង្សានិងធ្វើឲ្យខូចខាតដោយចេតនា(ដុតផ្ទះ) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៩និង១៥នាទីយប់ នៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះអាយុ៤៧ឆ្នាំ មុខរបរ លក់ផ្លែអំពិល ទីលំនៅសព្វថ្ងៃភូមិឃុំកើតហេតុ។ ជនសង្ស័យឈ្មោះ ឃុន ខេង ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្នុងវត្តភ្នំតូច សិ្តតក្នុងភូមិរំលេច ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន)។
សម្ភារៈខូចខាតរួមមាន៖ ផ្ទះ១ខ្នង ធ្វើពីឈើ ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ទទឹងប្រវែង៥ម៉ែត្រ បណ្តោយ៧ម៉ែត្រ កម្ពស់២,៥ ម៉ែត្រ,ធុងបាស់៦គ្រាប់, អំភ្លី២គ្រឿង, ខ្សែកផ្លាទីន១ខ្សែ តម្លៃ១២០ដុល្លារ, ប្រាក់រៀល ២០ម៉ឺនរៀល, ទូតាំង១, ទូរទស្សន៍១គ្រឿង និងសម្ភារៈ
ប្រើប្រាស់ក្នុងផ្ទះមួយចំនួន។
នៅមុនពេលកើតហេតុ កន្លងមកជនសង្ស័យធ្លាប់បួសជាព្រះសង្ឃតាំងឆ្នាំ២០០៤គង់នៅវត្តស្បែង ស្ថិតក្នុងភូមិធ្យូង ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល បានរយៈពេល២ឆ្នាំ រហូតដល់ឆ្នាំ២០០៦ បានមកគង់នៅវត្តព្រះវិហារសំណរ បានរយៈពេល២ឆ្នាំ ក្នុងឆ្នាំ២០០៨ ចាប់ផ្តើមស្គាល់ជនរងគ្រោះនៅពេលជនរងគ្រោះទៅឲ្យជនសង្ស័យជួយស្តោះផ្លុំជំងឺដុះដុំគីសនៅក្នុងសុដន់ ហើយជនរងគ្រោះក៏បានធ្វើម្ហូប(ចង្ហាន់)សម្រាប់ជនសង្ស័យ ឆាន់រៀងរាល់ថ្ងៃ តាំងពីពេលនោះមកជនរងគ្រោះនិងជនសង្ស័យក៏បានលួចមានទំនាក់ទំនងស្នេហាជាមួយគ្នារហូតបានដេករួមភេទជាមួយគ្នាជាច្រើនលើក។ នៅអំឡុងឆ្នាំ២០១៧ ព្រះចៅអធិការវត្តបានឃើញជនសង្ស័យផឹកស្រានិងមានស្រីធ្វើឲ្យខុសធម៌វិន័យក៏បានចាប់ជនសង្ស័យផ្សឹក។
ក្រោយមកជនសង្ស័យបានគ្រោងស្បង់ជីពរដោយខ្លួនឯងទៅគង់នៅវត្តភ្នំតូច ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នៅពេលនោះជនរងគ្រោះក៏មានការទំនាក់ទំនងជាមួយជនសង្ស័យរាប់អានគ្នាជាធម្មតានិងបានទៅលេងសួរសុខទុកដោយរួមដំណើរ ជាមួយប្ដីនិងកូន៣លើក ក្នុងខណះនោះជនសង្ស័យបានទិញទូរស័ព្ទម៉ាកសាំងស៊ុង១គ្រឿងតម្លៃ៤០ដុល្លារ អាមេរិកឲ្យជនរងគ្រោះប្រើប្រាស់។
នៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១ព្រឹក ប្ដីរបស់ជនរងគ្រោះឈ្មោះឡុង បូរ បានមកជួបជនរងគ្រោះនៅផ្ទះរួចហើយ ក៏បបួលជនរងគ្រោះមកសាលាឃុំវិហារលួងផ្ដិតមេដៃលែងលះគ្នា ពេលផ្ដិតមេដៃរួច ឈ្មោះឡុង បូរបានត្រឡប់ទៅផ្ទះប្រពន្ធចុងនៅតាខ្មៅវិញ។ លុះដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ឈ្មោះ ឡុង បូរ បានជិះម៉ូតូទៅជួបជនសង្ស័យនៅចំណុចវត្តខាងលើ ហើយជនសង្ស័យបានឲ្យលុយជាង២ម៉ឺនរៀល ទៅឲ្យឈ្មោះឡុង បូរ ទិញស្រាបៀរផឹកទាំង២នាក់ដោយអង្គុយផឹកបណ្តើរ ឈ្មោះ ឡុង បូរ បាននិយាយពោលពាក្យថា ជនរងគ្រោះខាងលើ មានទាក់ទងប្រុសថ្មី បានយកទូរស័ព្ទទៅឲ្យប្រុស ដោយចោទប្រកាន់ថាចោរលួចបាត់។ លុះដល់វេលាម៉ោង២រសៀលនាថ្ងៃដដែល ឈ្មោះ ឡុង បូរ បានបបួលជនសង្ស័យថា អត់ទៅលេងស្រុកទេអី? បន្ទាប់មកឈ្មោះ ឡុង បូរ បានជិះម៉ូតូឌុបជនសង្ស័យ មកដល់ចំណុចវត្តវាំងចាស់ ជនសង្ស័យ បានឲ្យឈ្មោះ ឡុង បូរ ជិះម៉ូតូ ចូលលេងឈ្មោះ មួង សឿង ត្រូវជាព្រះចៅអធិការ គង់នៅក្នុងវត្តវាំងចាស់ រួចក៏បាននាំគ្នាជជែកគ្នាលេង រហូតវេលាម៉ោង៥ល្ងាច ឈ្មោះឡុង បូរ ក៏បានជិះម៉ូតឌុបជនសង្ស័យទៅក្បែរផ្ទះឈ្មោះ កង កន្ថិថា ភេទស្រី នៅភូមិឃុំកើតហេតុខាងលើ។
ចំណែកឈ្មោះ ឡុង បូរ បានជិះម៉ូតូចេញទៅមុនបាត់ទៅ ក្រោយមក ជនសង្ស័យ បានទៅផ្ទះឈ្មោះ ហ៊ូ ភារ៉ា ហៅ កុយភេទប្រុស អាយុ៤៩ឆ្នាំ ជនសង្ស័យ ក៏បានឲ្យលុយទៅឈ្មោះ ហ៊ូ ភារ៉ា ហៅកុយ ដើម្បីទៅទិញស្រាបៀ មកផឹកបន្តទៀត ជាមួយគ្នា ក្នុងពេលកំពុងផឹក ដល់វេលាម៉ោង៨យប់ ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានដើរមករកជនរងគ្រោះ នៅផ្ទះរបស់ជនរងគ្រោះ នៅចំណុចភូមិឃុំកើតហេតុខាងលើ តែពុំឃើញ ក៏ដើរត្រឡប់ទៅផ្ទះឈ្មោះ ហ៊ូ ភារ៉ា ហៅកុយ វិញ រហូតដល់វេលាម៉ោង៩យប់ ជនសង្ស័យបានដើរមករកជនរងគ្រោះម្តងទៀត ក្នុងស្ថានភាពស្រវឹងស្រា រួចជនសង្ស័យ បាន
និយាយរករឿង សួររកទូរស័ព្ទដៃដែលខ្លួន បានទិញឲ្យជនរងគ្រោះប្រើប្រាស់កន្លងមក ក្នុងពេលនោះជនរងគ្រោះ បានប្រាប់ទៅជនសង្ស័យវិញថា ចោរលួចបាត់ហើយ ស្រាប់តែជនសង្ស័យខឹងដោយមានស្ថានភាពស្រវឹងស្រាផង បានធាក់ទៅលើខ្លួនជនរងគ្រោះ២ជើង ចំមុខ និងខ្លួន ដែលជនរងគ្រោះកំពង់ដេកនៅក្នុងផ្ទះ នៅពេលនោះជនរងគ្រោះពុំបានតបតជាមួយទេ ក៏បានតេទូរស័ព្ទហៅឈ្មោះឡង់ រដ្ឋា ភេទស្រី អាយុ២៧ឆ្នាំ(ត្រូវជាកូនស្រីបង្កើត)ឲ្យជិះម៉ូតូមកយកខ្លួនដោយខ្លាចជនសង្ស័យវាយធ្វើបាបទៀត។ បន្ទាប់មកជនរងគ្រោះបានដើរផ្លូវជាតិលេខ៥ ដើម្បីរង់ចាំកូនមកឌុប ចំណែកឯជនសង្ស័យនៅអង្គុយក្រោមផ្ទះរបស់ជនរងគ្រោះតែម្នាក់ឯង។
ក្រោយមកកូនរបស់ជនរងគ្រោះបានជិះម៉ូតូមកឌុបជនរងគ្រោះទៅផ្ទះរបស់ខ្លួនតែម្តង។ លុះដល់វេលាម៉ោងកើតហេតុខាងលើ មានប្រជាពរដ្ឋបានឃើញផ្ទះរបស់ជនរងគ្រោះ បានឆេះក្នុងខណៈនោះ ក៏ឃើញ ជនសង្ស័យ រត់ចេញពីកន្លែងកើតហេតុដើម្បីគេចខ្លួន ក្នុងពេលកើតហេតុ មានប្រជាពលរដ្ឋបានឃើញជនសង្ស័យ ព្រមទាំងបានឈរនៅកន្លែងកើតហេតុស្រែកថា៖ ឆេះហើយៗ ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍មក សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលវិហារលួង រួចហើយកម្លាំងសមត្ថកិច្ទប៉ុស្ដិ៍បានចុះទៅកន្លែងកើតហេតុ នាំជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ។ បានធ្វើតេស្ត រកសារធាតុស្រវឹង និងបានប្រគល់ជនសង្ស័យ ជូនទៅឲ្យការិយាល័យធម្មការ និង សាសនា បន្ទាប់មក សមត្ថកិច្ចជំនាញខាងធម្មការ បានធ្វើការផ្សឹក។ សឹករួចហើយបានប្រគល់ជនសង្ស័យ មកផ្នែកជំនាញ ដើម្បីអនុវត្តចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់