ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ ពន្លះស្លាកសញ្ញាប្រាប់ផ្លូវនិងដើមឈើបាក់អស់១ដើម

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តហាយឡែនឌ័រមួយគ្រឿង បើកក្នុងល្បឿនលឿនពេកក៏ជ្រុលចង្កូតទៅបុកស្លាកសញ្ញាប្រាប់ផ្លូវ១បង្គោល មិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកដើមឈើអស់១ដើមទៀត ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១០៦ កែងផ្លូវលេខ១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយឡែនឌ័រ មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD-9030 បើកតាមបណ្តោយផ្លូវលេខ១០៦ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនពេកងួកមួយភាំងក៏រេចង្កូតទៅបុកស្លាកសញ្ញាប្រាប់ផ្លូវវៀចអស់មួយបង្គោលនិងជ្រុលទៅបុកដើមឈើមួយដើមទៀត។រីឯរថយន្តរងការខូចខាតផ្នែកខាងមុខខាងស្តាំរថយន្តតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុវាស់វែងយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់