សៀមរាបៈ ឪពុកម្តាយមានភារកិច្ច និងកាតព្វកិច្ចចិញ្ចឹមបីបាច់ មើលថែរក្សាបុត្រា បុត្រី ប៉ុន្តែការមើលថែរក្សាតែងតែមានការចន្លោះប្រហោងបន្តិបន្តួច នាំឲ្យមានវិប្បដិសារី ដល់ក្រុមគ្រួសារជាមិនខាន។ ជាក់ស្តែងកាលពីវេលាម៉ោង៤ និង២០នាទីត្រូវនិងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៦៨ នៅចំណុចមុខផ្ទះប្រជាពលរដ្ឋឈ្មោះ ពេជ្រ ប៊ុនធឿន ស្ថិតក្នុងភូមិខ្វែក ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប រវាងម៉ូតូ និងអ្នកថ្មើរជើងជាកុមារា បណ្ដាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ អ្នកបើកបររងរបួសធ្ងន់។
បន្ទាប់ពីមានករណីខាងលើកើតឡើង កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រីឯជនរងគ្រោះត្រូវបានដឹកយកទៅជួយសង្គ្រោះនៅមន្ទីពេទ្យក្នុងខេត្តឧត្តរមានជ័យ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលចរាចរណ៍ ស្រុកបានឲ្យដឹងថា អ្នកបើកម៉ូតូឈ្មោះ អ៊ិន យេន ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បើកម៉ូតូ ម៉ាក់ហុងដាឌ្រីម សេ១២៥ គ្មានស្លាកលេខ ក្នុងទិសដៅពីត្បូងទៅជើង ដល់ចំណុចកន្លែងកើតហេតុ បានបុកកុមារាឈ្មោះ ពេញ មេសា អាយុ០៤ឆ្នាំ ដើរឆ្លងកាត់ផ្លូវពីកើតទៅលិច បណ្ដាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។ អ្នកបើកម៉ូតូដួលរងរបួសធ្ងន់ ត្រូវបានដឹកយកទៅជួយសង្គ្រោះភ្លាមៗផងដែរ។
ប្រភព ដដែល បានបន្តថា បន្ទាប់ពីធ្វើការវាស់វាង និងត្រួតពិនិត្យធ្វើកំណត់ហេតុសាកសពរួចរាល់ សមត្ថកិច្ចនគរបាល បានប្រគល់សពជូនក្រុមគ្រួសារចាត់ចែងរៀបចំតាមបែបប្រពៃណី។ ចំពោះម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ រងចាំភាគីទាំងសងខាងចូលខ្លួនធ្វើការដោះស្រាយ ទៅតាមនីតិវិធីច្បាប់៕
មតិយោបល់