Post News Media ព័ត៌មានជាតិ ចោរគាស់ផ្ទះលួ...

ចោរគាស់ផ្ទះលួចម៉ូតូ មិនទាន់បាត់ក្តៅគូទផង ក៏ជាប់អន្ទាក់សមត្ថកិច្ច

បន្ទាយមានជ័យ: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីអំពើលួច និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង ៣និង ៣០នាទីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។

ប្រតិបត្តិការខាងលើ បានធ្វើទ្បើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ឈ្មោះ ឈួន កំសាន្ត ភេទ ប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបកម្លាំងកងរាជអាវុធហត្ថ បានចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតឈាន់ដល់ការឃាត់ខ្លួន។

ជនសង្ស័យឈ្មោះ ម៉ន សុខសាន្ត ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត។

ជនរងគ្រោះ បានបញ្ជាក់ថា ម៉ូតូដែលត្រូវជនសង្ស័យលួចនោះ គឺម៉ាក ZOOMER X ស៊េរីឆ្នាំ ២០១៧។

ក្រោយឃាត់ខ្លួន និងសាកសួរចម្លើយរួចមក សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Loading...